របរលក់ផ្លែត្នោតខ្ចីទទួលបានការគាំទ្រទាំងអ្នកទេសចរ និងពលរដ្ឋខ្មែរ ដោយទទួលប្រាក់កម្រៃប្រមាណ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ

(ក្រចេះ)៖ ផ្លែត្នោតខ្ចី គឺជាអាហារបែបធម្មជាតិរបស់ដូនតាខ្មែរ ដែលមានសាច់រសជាតិឆ្ងាញ់ពិសាជាប់មាត់ ហើយទឹកក្នុងគ្រាប់ផ្អែមត្រជាក់ និងដែលប្រជាពលរដ្ឋខ្មែរយើងជាពិសេសអ្នកនៅជនបទ តែងតែចងចាំនូវរសជាតិរបស់វា មិនអាចបំភ្លេចបាន បើទោះបីជាទៅដល់ទីណាក៏ដោយ។

ដោយសារតែរសជាតិ ផ្លែត្នោត នៅជាប់ក្នុងអារម្មណ៍ និងជាអាហារដ៏ឆ្ងាញ់ពិសានេះហើយ ទើបធ្វើឱ្យរបរលក់ផ្លែត្នោតបានក្លាយជារបរមួយកាក់កបផងដែរ។មិនថានៅរាជធានីភ្នំពេញ ឬបណ្តាខេត្តដទៃទៀតទេ មុខរបរដើរលក់ផ្លែត្នោត ទឹកត្នោតផ្អែម ទឹកត្នោតជូរ នេះ បានក្លាយជាទីពេញនិយមទូទៅនៅប្រទេសកម្ពុជា។

ក្រៅពីអាហារធម្មជាតិ និងដើមត្នោតបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ រាប់មិនអស់។ក្រៅពីនេះដើមត្នោត នៅជាតំណាងអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិខ្មែរផង។

អ្នកស្រី នៅ ផយ អ្នកលក់ផ្លែត្នោតនៅមាត់ទន្លេមេគង្គ ទីរួម ខេត្ត ក្រចេះ បានប្រាប់ឱ្យដឹងថាអ្នកស្រី និង ស្វាមីតែងចេញមកលក់ផ្លែត្នោតនេះរៀងរាល់ឆ្នាំ។ សម្រាប់ការលក់ត្នោតនេះដែរមានរយៈពេលជិតកន្លះឆ្នាំពោលគឺជិតពាក់កណ្តាលខែមករាដល់ ខែ មិថុនាគឺនឹងបញ្ចប់លក់ហើយពីព្រោះផ្លែត្នោតចាប់ផ្តើមចាស់ និងទុំអស់ហើយ ។

សម្រាប់តម្លៃលក់ផ្លែត្នោតនេះគឺ១០គ្រាប់តម្លៃ ៥០០០រៀល ហើយបើគេតថ្លៃអាចបានត្រឹម ៤០០០រៀលដែរ ។ ផ្លែត្នោតខ្ចីនេះដែរគឺអ្នកស្រីពុំបានឡើងកាប់ខ្លួនឯងទេពោលគឺទទួលទិញបន្តពីគេ ដោយក្នុងមួយផ្លែតម្លៃ ៥០០រៀល ។

ក្នុងវ័យ ៣០ឆ្នាំប្លាយ អ្នកស្រី នៅ ផយ បានប្រាប់ឱ្យដឹងបន្ថែមថា”ក្នុងមួយថ្ងៃខ្ញុំអាចរកប្រាក់ចំណេញ បានប្រមាណ ៤ម៉ឺនរៀល និងថ្ងៃខ្លះបានត្រឹមតែ ៣ម៉ឺនរៀលក៏មានដែរ ។ ចំពោះថ្លៃដើមទិញពីគេវិញក្នុងមួយថ្ងៃចំណាយ អស់ប្រាក់ប្រមាណ៧ ទៅ៨ម៉ឺនរៀល។ប្រាក់កម្រៃនេះអាចជួយឱ្យចាយវាយក្នុងគ្រួសារល្អប្រសើរដែរ ទោះមិនច្រើនតែក៏ងាយស្រួលជាងការដើរស៊ីឈ្នួលគេ ឬ ចំណាកស្រុកឆ្ងាយពីផ្ទះ” ។

អ្នកស្រី នៅ ផយ បានឱ្យដឹងដែរថាក្រៅពីរបរលក់ត្នោតខ្ចីនេះ អ្នកស្រី និង ស្វាមីតែងដើររាវខ្ចៅ រាវលៀស លក់ ហើយប្រាក់កម្រៃឃើញថាប្រហាក់ប្រហែលគ្នា។មុខរបរទាំងពីរនេះពិតមែនតែមិនបានជួយឱ្យជីវភាពធូរធា ពិតមែនតែជាជម្រើសមួយអ្នកស្រី និង ស្វាមីសប្បាយចិត្ត។

ដោយឡែក លោក ឌឹម សាមឹន ជាស្វាមីបានប្រាប់ឱ្យដឹងដែរថា៖ការលក់ត្នោតខ្ចីនេះគឺមានអ្នកទេសចរច្រើនចូលចិត្តទិញណាស់ដែរទាំងភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស ។ សម្រាប់ភ្ញៀវទេសចរបរទេសដូចជាជនជាតិចិន វៀតណាម ឥណ្ឌា និងអឺរ៉ុបខ្លះឃើញប្លែកក៏ទិញយកទៅបរិភោគដែរ ហើយខ្លះលើកដៃសរសើថាឆ្ងាញ់រួចហើយទិញយកទៅចែកគ្នាគ្នីថែមទៀត។

គួរបញ្ជាក់ថាផ្លែត្នោតខ្ចី គេអាចយកវាមកធ្វើជាបន្លែសម្លរកកូរ…ជាដើម ។ក្រៅពីនេះគេអាចយកសាច់វាខាងក្នុង យកមកធ្វើជាបង្អែមត្នោតដែលមានដូចជា បបរស្ករត្នោត បង្អែមត្នោតខ្ចី និងបរិភោគឆៅ ផ្តល់នូវរសជាតិឆ្ងាញ់ពិសាជាប់មាត់ដែលមិនងាយបំភ្លេចបានណាស់ ទោះទៅដល់ប្រទេសគេក៏ដោយចុះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner