អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
(កំពង់ស្ពឺ)៖ អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ ក្នុងខេត្តកំពង់ស្ពឺត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។
ថ្លែងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍និងជា ប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម បានលើកឡើងថា៖ “យើងឃើញថាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង។”
យុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ ៣.៥០០នាក់ ហើយនេះជាយុទ្ធនាការលើកទីបួន បន្ទាប់ពីយុទ្ធនាការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានប្រជាជនចំនួន ៩៥០.០០០ នាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៨ ម៉ឺននាក់។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពួកគេចូលរួមចុះឈ្មោះ និងបន្តផ្សព្វផ្សាយដើម្បីលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតឱ្យចុះឈ្មោះដែរ។
ការចុះឈ្មោះបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួង ស្ថាប័នបាន និងកំពុងរៀបចំជូនជាបន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។
គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស ដោយខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់ទី៦។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារ SME និង ធនាគារ ARDB ។ ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា








