ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រជុំលើកទី ១ ដើម្បីឈានទៅដាក់ឱ្យអនុវត្តវិធានផ្ទៃក្នុងស្ដីពី «នីតិវិធីការងារ និងការពិនិត្យលើការស្នើរបស់វិស័យឯកជន»

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំជាលើកទី ១ ដើម្បីឈានទៅដាក់ឱ្យអនុវត្តវិធានផ្ទៃក្នុង ស្ដីពី «នីតិវិធីការងារ និងការពិនិត្យលើការស្នើរបស់វិស័យឯកជន» និង រៀបចំបទដ្ឋានគតិយុត្តដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីពិសេស ឱ្យមានប្រសិទ្ធភាព និង តម្លាភាព ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងទេសចរណ៍, ក្រសួងដែនដី និងនគរូបនីយកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងរ៉ែ និងថាមពល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងផែនការ, ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ, គណៈអភិបាលខេត្តទាំងបួនក្នុងភូមិភាគឦសាន ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារ និង មន្ទីរជំនាញពាក់ព័ន្ធ ។

សូមបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ត្រូវបានបង្កើតឡើង ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីដឹកនាំ សម្របសម្រួល និង អនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីតួនាទីរបស់ ក.វ.ឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និង ផ្តល់គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន ព្រមទាំងផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែងផ្សេងៗ របស់ម្ចាស់គម្រោង បន្ថែមលើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវ អភិក្រម «អនុវត្តការងាររួមគ្នាជាកញ្ចប់» សំដៅធានាប្រសិទ្ធភាព និង តម្លាភាព នៃការអនុវត្តការងារ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារសហការជាមួយ រដ្ឋបាលខេត្តទាំង ៤ នៅភូមិភាគឦសាន ដើម្បីពិនិត្យសុខភាពធុរកិច្ច និង សិក្សាពីសក្តានុពលវិនិយោគ សម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន និង សម្របសម្រួលជូនវិនិយោគិន និង ធុរជន ព្រមទាំងបានផ្តល់គោលការណ៍ឱ្យលេខាធិការដ្ឋានក្រុមការងារ រៀបចំឱ្យមានជំនួបផ្តល់ព័ត៌មាន និង សម្របសម្រួល ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង ៤ សម្រាប់វិនិយោគិន ដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅភូមិភាគឦសាន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារត្រៀមលក្ខណៈសម្បត្តិផ្តល់ការប្រឹក្សា និង ការសម្របសម្រួល ជូនវិនិយោគិន និង ធុរជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង ដោយឥតគិតថ្លៃ នៅតាមលេខាធិការដ្ឋានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទំាងបួន នៃភូមិភាគឦសានផ្ទាល់ ដែលមានការិយាល័យក្នុងរាជធានីភ្នំពេញ (ទីតាំងនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ តាមលេខទំនាក់ទំនង៖ 076 365 2775/ 097 256 7174) ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner