ប្រជាជនខេត្តតាកែវ ចំណាយប្រចាំថ្ងៃ មានប្រមាណ ៨៥% ជាប្រាក់រៀល
(តាកែវ)៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា យោងតាមទិន្នន័យស្រាវជ្រាវបង្ហាញថា ប្រជាជនខេត្តតាកែវ ចំណាយប្រចាំថ្ងៃ មានប្រមាណ ៨៥% ជាប្រាក់រៀល ដែលនេះជាការរួមចំណែករបស់ប្រជាជននៅខេត្តតាកែវទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ។ នេះជាការថ្លែងរបស់ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ការអភិវឌ្ឍខេត្តតាកែវ មានវឌ្ឍនភាពជាលំដាប់ ដែលក្នុងនោះ វិស័យធនាគារ និងហិរញ្ញវត្ថុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កំពុងប្រតិបត្តិការនៅក្នុងខេត្ត មានចំនួន ៤០គ្រឹះស្ថាន ជាមួយនឹងសាខាសរុបចំនួន ១៤៦៣ ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានាជូនប្រជាពលរដ្ឋនិងក្រុមហ៊ុន-សហគ្រាស ។

ឯកឧត្តម បន្តថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ជារួម អាចប្រព្រឹត្តទៅបានប្រកបដោយវឌ្ឍនភាព និងចីរភាព ទាមទារឱ្យមាននូវវត្តមានរូបិយវត្ថុជាតិ ។ ដូច្នេះ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលពង្រឹងស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ ។

ក្នុងឱកាសនេះ ឯកឧត្តម យឹម លាត បានលើកឡើងអំពីប្រវត្តិប្រាក់រៀល និងវឌ្ឍនភាពនៃការជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រព័ន្ធទូទាត់នៅកម្ពុជា ដោយក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ។ ក្នុងគោលដៅធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការលើកកម្ពស់ប្រាក់រៀល ។ ជាលទ្ធផល និន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់ ។

ឯកឧត្តមទេសាភិបាលរង បន្តថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលដល់ការបើកគណនី និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាអាជីវករ និងអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសម្រួលដល់ការទូទាត់ក្នុងមុខរបរប្រចាំថ្ងៃ ខណៈបច្ចុប្បន្ន មិនថានៅទីក្រុង ខេត្ត ទីប្រជុំជន ឬជនបទនោះទេ ប្រជាពលរដ្ឋនិយមទូទាត់តាមរយៈការស្កេន QR Code នៅលើទូរស័ព្ទដៃ មិនថាក្នុងទំហំទឹកប្រាក់តិច ឬច្រើននោះទេ ដូច្នេះ ការមានគណនីធនាគារសម្រាប់ទទួលការទូទាត់តាមរយៈប្រព័ន្ធឌីជីថលពិតជាសំខាន់ និងសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ បើកគណនីជាប្រាក់រៀល ព្រោះអាចទទួលបានអត្ថប្រយោជន៍ច្រើន ហើយក៏បានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិយើងឱ្យកាន់តែទូលំទូលាយផងដែរ ។
ឯកឧត្តម សង្ឃឹមថា អ្នកចូលរួមក្នុងសិក្ខាសាលានេះ នឹងជួយផ្សព្វផ្សាយបន្តអំពីសារៈសំខាន់ នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិកាន់តែទូលំទូលាយ ដែលនឹងលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនឆាប់រហ័ស ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត
