អ៊ុយក្រែនស៊ីញ៉េប្រគល់រ៉ែកម្រឲ្យអាមេរិកវិនិយោគ ជាផ្លូវការ

បរទេស៖ បន្ទាប់ពីចរចា អស់ជាច្រើនសប្តាហ៍ នៅទីបំផុត អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀង ប្រគល់រ៉ែកម្រ តម្លៃរាប់ពាន់លានដុល្លារ ឲ្យសហរដ្ឋអាមេរិកកាន់កាប់ដើម្បីវិនិយោគ ជាផ្លូវការ នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា បន្ទាប់ពីចុះហត្ថលេខារួច កាលពីថ្ងៃពុធ ភាគីអាមេរិកប្តេជ្ញាជួយសម្រួល ដល់ការបញ្ចប់សង្រ្គាម តាមការសន្យារបស់លោកប្រធានាធិបតី Donald Trump។ លោកអះអាងថា កិច្ចព្រមព្រៀងនេះ បង្ហាញយ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថា រដ្ឋបាល Trump ប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាព ដែលផ្តោតលើអ៊ុយក្រែន ដោយសេរី អធិបតេយ្យភាព និងវិបុលភាព ក្នុងរយៈពេលវែង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី Yulia Svyrydenko ដែលបានទៅស៊ីញ៉េ កុងត្រា ដល់នៅទីក្រុងវ៉ាស៊ីនតោន ក្នុងនាមរដ្ឋាភិបាលទីក្រុងកៀវ បានអះអាងថា ទោះជាយ៉ាងណា អ៊ុយក្រែន នៅតែជាម្ចាស់ និងគ្រប់គ្រងពេញលេញ លើធនធាន ទាំងនេះ។ លោកស្រីបញ្ជាក់ថា រ៉ែកម្រទាំងអស់ នៅលើទឹកដី របស់អ៊ុយក្រែន ជាកម្មសិទ្ធិ របស់អ៊ុយក្រែន ហើយ កុងត្រាចែងច្បាស់ថា អ៊ុយក្រែន ជាអ្នកកំណត់ អំពីទីកន្លែង ដែលត្រូវជីកយករ៉ែកម្រ នៅក្រោមដី។

យ៉ាងណាមិញ នៅមុនការចុះហត្ថលេខា ប៉ុន្មានម៉ោង ភាគីទាំងពីរ ក៏មានការខ្វែងគំនិតគ្នា លើលក្ខខណ្ឌខ្លះៗផងដែរ ហើយ ព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀង មិនត្រូវបានបង្ហាញ ជាសាធារណៈ នោះទេ។

ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ធ្លាប់បាននិយាយ កាលពីថ្ងៃអាទិត្យថា កុងត្រានេះ នឹងមិនរួមបញ្ចូលជំនួយដែលបានផ្តល់ មុនពេលចុះហត្ថលេខាឡើយ។ លោកថា ជាកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ ស្តីពីការបង្កើតមូលនិធិស្តីពីភាពជាដៃគូវិនិយោគ ដែលស្មើភាព និងមានប្រយោជន៍រួមគ្នា ក្នុងការអភិវឌ្ឍ និងការស្តារប្រទេសអ៊ុយក្រែន ឡើងវិញ រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និង រដ្ឋាភិបាល ទីក្រុងកៀវ។

លោក Shmyhal បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងបង្កើតមូលនិធិវិនិយោគរួមគ្នាមួយ នៅអ៊ុយក្រែន និងបែងចែកភាគហ៊ុនគ្រប់គ្រង ស្មើៗគ្នា។ លោក Shmyhal ក៏បានសង្កត់ធ្ងន់ លើជំនួយយោធាថ្មីដល់អ៊ុយក្រែន ដែលជាការរួមចំណែកដល់មូលនិធិនេះ ផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានប៉ុនប៉ងកាន់ប៊ិច ទៅស៊ីញ៉េ លើកិច្ចព្រមព្រៀងរ៉ែកម្រនេះ ម្តងរួចមកហើយ កាលពីខែកុម្ភៈ ប៉ុន្តែ ខកខានមិនបានចុះហត្ថលេខាវិញ ក្រោយពេលមានជម្លោះពាក្យសម្តីធ្ងន់ៗ ជាមួយលោកប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner