កម្ពុជា-សហរដ្ឋអាម៉េរិក នឹងចរចារឿងពន្ធគយ ដោយផ្ទាល់នាថ្ងៃទី១៤-១៥ ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន

(ភ្នំពេញ)៖ មន្ត្រីកម្ពុជា-សហរដ្ឋអាម៉េរិក បានប្រជុំពិភាក្សាជាមួយគ្នា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្តីពីវឌ្ឍនភាពការងារ និងត្រៀមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយផ្ទាល់នាពេលខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី០២ ឧសភា បានឱ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។

កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន ។

រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើ កិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត ។

សូមរំលឹកថា កាលពីដើមខែមេសា សហរដ្ឋអាមេរិក បានបង្ហាញបញ្ជីពន្ធបដិការ ឬពន្ធសងសឹកលើទំនិញនាំចូលពីប្រទេសយ៉ាងហោចណាស់ចំនួន ១៨០ ប្រទេស បន្ទាប់ពីក្រុងវ៉ាស៊ីនតោន អះអាងថា ខ្លួនមានឪនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ។ ក្នុងនោះ អាមេរិក ដំឡើងពន្ធលើទំនិញកម្ពុជា រហូតដល់ ៤៩% គឺជាការកម្រិតពន្ធខ្ពស់បំផុតមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន ។ ការអនុវត្តពន្ធនេះ អាចនឹងចូលជាធរមាន ក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២៥ ។

ជាមួយគ្នានេះដែរ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា នេះខេត្តព្រះសីហនុ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងបានចរចាលើកទី១ ជាមួយអាមេរិក កាលពីថ្ងៃទី ១៦ ខែមេសា ហើយនៅថ្ងៃទី០២ ឧសភា ជួបម្ដងទៀតជាមួយអាមេរិក ដើម្បីឈានដល់ការជជែកគ្នាបន្តិចម្ដងៗ ព្រោះអាម៉េរិក គាត់ប្រើពេលយូរ ហើយគាត់ចរចារជិត ២០០ប្រទេស ។ ទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី មិនបានបង្ហាញពីលទ្ធផលណាមួយនៃការចចាជាសាធារណៈនៅឡើយ ដោយថា សំណុំរឿងពន្ធគយនេះ គឺជាសំណុំរឿងដ៏ស្មុគ្រស្មាញ ហើយត្រូវការពេលវេលាចរចាគ្នាជាបន្តទៀត ។

ទន្ទឹមគ្នានេះដែរ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា រំពឹងថា ការចរចារបស់កម្ពុជា ជាមួយអាម៉េរិក នឹងទទួលបានផលវិជ្ជមាន ប៉ុន្តែអ្នកសេដ្ឋកិច្ចរូបនេះ យល់ឃើញថា កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន គួរតែមានយន្តការរួមគ្នា ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការចរចា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner