អង្គការ IYF ប្តេជ្ញាចិត្តបន្តធ្វើសកម្មភាពអប់រំ យុវជនកម្ពុជា
(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត បាក់ អុកស៊ូ (Ock Soo Park) ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ បានលើកឡើងពីការប្តេជ្ញាចិត្តបន្តធ្វើសកម្មភាពអប់រំ យុវជនកម្ពុជា ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកបណ្ឌិត Ock Soo Park និងសហការី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ។
សម្តេចតេជោ ក៏បានសង្កេតឃើញ អំពីការធ្វើសកម្មភាពជាច្រើនរបស់អង្គការ IYF នៅកម្ពុជា និងក្នុងស្មារតីនេះ សម្តេចសង្ឃឹមថា អង្គការ IYF នឹងបន្តរួមចំណែកជាមួយកម្ពុជា ដើម្បីបោះជំហានទៅមុខជាមួយគ្នាបន្តទៀត។
នៅក្នុងឱកាសជំនួបនេះ លោកបណ្ឌិត Ock Soo Park បានសម្តែងនូវមោទនភាព ក្តីសោមនស្សរីករាយក្រៃលេង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយស ឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម។
លោកបណ្ឌិត Ock Soo Park បានជម្រាបជូនអំពីសកម្មភាពរបស់អង្គការ IYF ដែលមានប្រតិបត្តិការទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៅលើពិភពលោក ដែលអង្គការនេះ មានទិសដៅអប់រំបណ្តុះបណ្តាល យុវជន។
លោកបណ្ឌិត បានបន្តថា នៅគ្រប់បណ្តាប្រទេស លើពិភពលោក ប្រទេសណា ក៏មានបញ្ហាយុវជនដែរ ។ ដូចនេះ ការអប់រំ បណ្តុះបណ្តាលយុវជន មានសារៈសំខាន់ណាស់ ដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏ល្អនៅប្រទេសនីមួយៗ ។ ក្នុងន័យនេះ លោកបណ្ឌិត Ock Soo Park បានលើកឡើងដោយការប្តេជ្ញាចិត្តថា អង្គការ IYF នឹងបន្តធ្វើសកម្មភាពអប់រំ យុវជនកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះ សម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លើការគាំទ្រសកម្មភាពរបស់ IYF កន្លងមក។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណ ចំពោះសកម្មភាពរបស់អង្គការ IYF នៅកម្ពុជា នាពេលកន្លងមក។ សម្តេច បានចង្អុលបង្ហាញថា បញ្ហាពាក់ព័ន្ធនឹងយុវជន គឺជាបញ្ហាធំ ដោយហេតុថា ដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន។
ចំពោះកម្ពុជា សម្តេចតេជោ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ គឺចាប់ផ្តើមតាំងពីដំបូង ពោលគឺចាប់ពីពេលស្ត្រីមានផ្ទៃពោះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់គោលនយោបាយឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ ២ឆ្នាំ។ ដល់ពេលវ័យចូលរៀន ការគិតគូរយកចិត្តទុកដាក់ ក៏ត្រូវបានផ្តោត ទៅលើការរៀបចំមត្តេយ្យសាលា ដែលមានលក្ខណៈសមរម្យ និងការថែទាំដល់ក្មេងៗ ដូចជានៅតាមបណ្តារោងចក្រ ដើម្បីអនុញ្ញាតឱ្យ ឪពុក ម្តាយ មានពេលបំពេញការងារ ។
សម្តេចតេជោ បានបន្ថែមថា ជាមួយនឹងកំណើន ប្រជាជនកម្ពុជា ទោះបីជាអត្រាកំណើនមានការ ថមថយចុះ រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ ទៅលើវិស័យអប់រំ តាមរយៈការបន្តសាងសង់សាលារៀន ដែលពីមុនការសិក្សារៀនសូត្រ គឺពឹងផ្អែក ទៅលើទីវត្តអារាម ហើយអគារសិក្សា ក៏ពុំមានគ្រប់គ្រាន់នៅតាមបណ្តាស្រុក-ខេត្ត។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបង្កឱកាសឱ្យកុមារ យុវជន និងយុវតីទទួលបានការសិក្សា សម្តេច បានគូសរំលេចថា ពីមុន កូនសិស្ស ដើររកសាលា តែបច្ចុប្បន្ន សាលាដើរ រកកូនសិស្ស។
បន្ថែមពីលើនេះ សម្តេចតេជោ បានជម្រាបអំពី គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន ១លាន៥សែននាក់ ដើម្បីជាធនធាន រួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចតេជោ ក៏បានលើកឡើងអំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលភាគច្រើនជាយុវជន ហើយដែលពីកាលពីទសវត្សរ៍ ១៩៨០និង ១៩៩០ យុវជនពុំសូវមានឱកាសនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីបទពិសោធន៍ ផ្ទាល់ខ្លួនរបស់សម្តេច ក្នុងការដឹកនាំប្រទេស តាំងពីពេលសម្តេចជាយុវជនមកម្លេះ ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ