សត្វស្លាបចម្រុះ រាប់លានក្បាលនៅតំបន់សហគមន៍ក្នុងស្រុកកំពង់ត្រឡាច កំពុងរងការគំរាមកំហែងដោយភាពរាំងស្ងួត

(កំពង់ឆ្នាំង)៖ សត្វស្លាបចម្រុះជាច្រើនលានក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះចុះប្រមូលផ្តុំគ្នា នៅតាមតំបន់សហគមន៍មេទឹកនៅចំណុចបឹងជ្បុច បឹងថ្មី និង បឹងប្រា ស្ថិតនៅក្នុងភូមិស្តីបាលិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ជាប់ព្រំប្រទល់ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិនៅតំបន់នោះអោយដឹងថា ទីកតាំងនេះជាកន្លែងសំបូរទៅដោយសត្វ
ស្លាបប្រភេទកម្រ ចម្រុះរស់នៅជាប្រចាំមានដូចជា សត្វកុក សត្វក្លុំ សត្វដុំដោ មាន់ទឹក ក្អែកទឹក ក្រសារ ក្រៀល ត្រយ៉ង។ល។  ប៉ុន្តែត្រូវគេមើលឃើញថាហាក់ពុំទទួលការចាប់អារម្មណ៍យកចិត្តទុកដាក់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងការចុះពិនិត្យឬអភិរក្សនោះឡើយ។

ម៉្យាងវិញទៀតនៅតំបន់ខាងលើគឺមានបឹងអភិរក្សតិចតួចបំផុត កំពុងរងការគំរាមកំហែងដោយភាពរាំងស្ងួត គោករាក់ ជាពិសេសមានប្រជាពលរដ្ឋមួយចំនួនកំពុងបូមទឹកចាប់ត្រី និងខ្លះប្រើឩបករណ៍ឆក់យកត្រី ជាហេតុធ្វើអោយបាត់បង់ចំណីរបស់សត្វស្លាប និងពូជមេត្រីផងដែរ ។ ពួកគាត់សំណូមពរអាជ្ញាធរ ជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យទប់ស្កាត់ ការបូមចាប់ត្រីចំណុចមេទឹកខាងលើ បើពុំនោះទេប្រាកដជាបាត់បង់ប្រយោជន៍ជាតិ និងផលប្រយោជន៍រួមក្នុងសហគមន៍ជាក់ជាមិនខាន។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា លោកនឹងចាត់អោយមន្ត្រីចុះពិនិត្យមើលសិន។ ដោយឡែក លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង អោយដឹងនៅថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៥ តាមទូរស័ព្ទថា បើពិនិត្យទៅលើរឿងនេះគឺស្ថិតក្នុងដែនសមត្ថកិច្ចជំនាញជលផល រដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអប់រំណែនាំប្រជាពលរដ្ឋអោយបានយល់ដឹងពីផលប៉ះពាល់ទាំងនេះ។

លោក ម៉ន ផល្លា បន្ថែមថា បើនិយាយអំពីធនធានធម្មជាតិ រាប់បញ្ចូលទាំងពពួកសត្វស្លាបនេះផងដែរ គឺមានសារៈសំខាន់និងអត្ថប្រយោជន៍ខ្លាំងណាស់ជូនប្រទេសជាតិ បើសិនយើងថែរក្សាអភិរក្សបាន អាចនាំភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនាកំសាន្ត បានផលចំណូលដល់សហគមន៍និងប្រជាពលរដ្ឋយើង នៅនឹងមូលដ្ឋានផ្ទាល់តែម្ដង ប្រភេទធនធានធម្មជាតិនេះដែរគឺជាផ្នែកមួយ ជួយសម្រួលដល់ជីវភាព កូនចៅប្រជាពលរដ្ឋយើង ។

ដូចនេះលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើយ៉ាង
ណាថែរក្សាអភិរក្សធនធានធម្មជាតិយើងឱ្យបាននូវគង់វង់យុអង្វែង ដើម្បីជាអត្ថប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ និងជាផលប្រយោជន៍សម្រាប់ជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងនៅតាមមូល
ដ្ឋាន តាមរយៈសេវាទេសចរណ៍ធម្មជាតិជាដើម៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner