បើកឆាកថ្ងៃដំបូង ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង៥ម៉ឺននាក់
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) នៅបរិវេណឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នាទីក្រុងតូក្យូ។ កម្មវិធីបើកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ បានអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងជាប្រធានគណៈកម្មការពិព័រណ៍កម្ពុជា ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ឯកអគ្គរាជ/រដ្ឋទូត និងតំណាងអង្គទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន តំណាងសហគមន៍ខ្មែរនិងសមាគមនិស្សិតខ្មែរនៅជប៉ុន ក្រុមហ៊ុនឯកជនកម្ពុជា និងជប៉ុន ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ក៏ដូចជា ភ្ញៀវអន្តរជាតិប្រមាណជាង៥ម៉ឺននាក់។
ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជំរុញការវិនិយោគ ទេសចរណ៍ ផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេសផ្សេងទៀត។ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣ ដល់ ៤ ខែឧសភា ឆ្នាំ២០២៥ ដែលការរៀបចំនេះធ្វើឡើងស្របនឹងពេលឈប់សម្រាក (golden week) របស់ប្រជាជនជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម MIYAJI Takuma បានសង្កត់ធ្ងន់ពី៖ ១. ទំនាក់ទំនងដ៏ជិតស្និទ្ធ និងដ៏មានផ្លែផ្ការវាងកម្ពុជា និងជប៉ុន ២.ការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា និង ៣.ការពង្រីកកិច្ចសហប្រតិបត្តិកាគ្រប់វិស័យ ក្រោម “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ។
ឯកឧត្តម IMAMURA Masahiro បានលើកឡើងអំពី៖ ១.កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ក្នុងការស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាដ៏រឹងមាំមួយ ទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ២.ភាពរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ៣.បានអះអាងពីការតាំងចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត។
ឯកឧត្តម ហ៊ុល សីលា បានលើកឡើង៖ ១. អំពីសក្កានុពលវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា “មាសបៃតង” ដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានភាពទាក់ទាញល្បីល្បាញទូទាំងពិភពលោក និង ២. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់កិច្ចសហការគាំទ្រកន្លងមក និងស្នើសុំបន្តគាំទ្រ ជាពិសេសជុំវិញកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា-ជប៉ុន ឱ្យកាន់តែទូលំទូលាយថែមទៀត។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើង៖ ១. ទំនាក់ទំនងកាន់តែល្អប្រពៃ និងរីកចម្រើនជាបន្តបន្ទាប់រវាងប្រទេសកម្ពុជា និងជប៉ុន ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត, ២.គូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការកសាងសន្តិភាព ក្នុងអំឡុងទសវត្សរ៍៩០ កសាងប្រទេសឡើងវិញ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា, ៣. ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប្រកបដោយថាមពលដ៏ក្លៀវក្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង ៤. សក្តានុពលវិនិយោគ ព្រមទាំងកាលានុវត្តភាពដ៏ល្អប្រសើរបំផុតរបស់ប្រទេសកម្ពុជា សម្រាប់វិនិយោគិនបរទេស និងវិស័យទេសចរណ៍។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់ចំនួន ៨០ បានដាក់តាំងបង្ហាញនូវផលិតផលខ្មែរ មុខម្ហូបខ្មែរ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងសក្តានុពលវិនិយោគនានា ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត និងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលសម្តែងដោយក្រុមសិល្បៈអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា កុមារាកុមារីខ្មែរនៅជប៉ុន ក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន និងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន






