សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជួបជុំជាមួយអ្នកសារព័ត៌មាន លើកទី៧ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់ ។ ពិធីនេះក៏ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន៖ ឥទ្ធិពលនៃបញ្ញាសប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” ផងដែរ ។

របាយការណ៍ ឯកឧត្តម នេត្រ ភ័ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន ១,៦២០អង្គភាព រួមមាន៖ គេហទំព័រសារព័ត៌មានអនឡាញចំនួន ៨៣៩អង្គភាព, ទូរទស្សន៍ឌីជីថលចំនួន ១២ស្ថានីយ, ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព, ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន ១២ស្ថានីយ, ទូរទស្សន៍ផ្កាយរណបចំនួន ៣ស្ថានីយ,សែតចំនួន ១២៥អង្គភាព, សមាគមសារព័ត៌មានចំនួន ២៦អង្គភាព, ទស្សនាវដ្តីចំនួន ៦អង្គភាព, ព្រឹត្តិបត្រចំនួន១២អង្គភាព, ទីភ្នាក់ងារ សារព័ត៌មានបរទេស និងការិយាល័យតំណាង អចិន្ត្រៃយ៍ចំនួន១៨ អង្គភាព, រោងពុម្ពចំនួន៨៩, សៀវភៅចំនួន ២២អង្គភាព, ភ្នាក់ងារ ផ្សាយពាណិជ្ជកម្មចំនួន ៣ក្រុមហ៊ុន, វិទ្យុអ៊ែហ្វ អ៊ឹមចំនួន២៨០ ស្ថានីយ និងវិទ្យុអាអ៊ឹមចំនួន១ស្ថានីយ, ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន១៦ស្ថានីយ,ទូរទស្សន៍ផ្សាយបន្តចំនួន១០១ស្ថានីយ, ទូរទស្សន៍ខ្សែកាបចំនួន៤៦ ស្ថានីយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ បានចូលរួមក្នុងពិធីជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា លើកទី៧ ឆ្នាំ២០២៥ ។ សម្តេចធិបតី បានចាត់ទុកសារព័ត៌មាន ជាចំណែកសំខាន់ក្នុងការឆ្លើយតបបានលឿនរហ័សទៅលើគោលនយោបាយនានាដែលរាជរដ្ឋាភិបាលដាក់ចេញក្នុងកិច្ចការដឹកនាំរដ្ឋ ។ សម្តេចក៏បានអរគុណអ្នកសារព័ត៌មាន ដែលបានធ្វើដំណើរពីគ្រប់រាជធានី ខេត្ត មកចូលរួមក្នុងពិធីនារសៀលនេះ ដែលជាការញ៉ាំងឱ្យពិធីកាន់តែមានភាពអធិកអធម ។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន, ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និង ឯកជន ដែលបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារ- ព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកម្មវិធីនយោបាយ, គោលនយោបាយ ក៏ដូចជា លិខិតបទដ្ឋានគតិយុត្ត និង សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ ឱ្យទទួលបាននូវព័ត៌មានពិត និង គ្រប់ជ្រុងជ្រោយ, ហើយនាំយកសំណូមពរ ក្តីកង្វល់ បញ្ហា នានាក្នុងសង្គម ក៏ដូចជាការយល់ឃើញ និង ទស្សនៈរបស់ប្រជាពលរដ្ឋ មកជូនរាជរដ្ឋាភិបាល បានទាន់ពេលវេលា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner