Trump ថា កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ីប្រហែលចេញមិនរួច

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ី ប្រហែលជាមិនអាចចេញរួច នោះទេ។

ក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ NBC អំឡុងកម្មវិធី Meet the Press ចេញផ្សាយ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានសួរនាំ អំពីកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ុយក្រែន និងរុស្ស៊ី។ លោកបាននិយាយថា «ប្រហែលជា វាមិនអាចទៅរួចទេ។ មានការស្អប់ខ្ពើមយ៉ាងខ្លាំង… រវាងបុរសទាំងពីរនាក់នេះ និងរវាងទាហានខ្លះ …និយាយដោយត្រង់ទៅ គឺរវាងពួកឧត្តមសេនីយ៍» ។

ការលើកឡើងនេះ បានធ្វើឡើង ក្រោយពេលដែលរដ្ឋបាលលោក Trump បានព្រមានញឹកញាប់ ពីការដកខ្លួនធ្វើជាអ្នកសម្របសម្រួល ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងវ៉ាស៊ីងតោន។ មានបញ្ហាចម្រូងចម្រាស ដែលនៅមិនទាន់ឃើញមានសញ្ញាបញ្ចប់សង្គ្រាម រួមមានទាំង ការទទូចរបស់រដ្ឋបាល Trump ដែលថា សហរដ្ឋអាមេរិកទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី និងឲ្យរុស្ស៊ីកាន់កាប់លើទឹកដីភាគច្រើន នៅភាគខាងកើតអ៊ុយក្រែន ដែលយោធារបស់លោក ពូទីន រឹបអូស តាំងពីឆ្នាំ២០១៤ ជាអ្វីដែល អ៊ុយក្រែន មិនព្រម តាមនោះ ជាដើម។

ក្រៅពីនេះ ភាគីទាំងពីរ នៅតែបន្តវាយប្រហារ Drone ដាក់គ្នា ពោលគឺក្រោយពេលដែលអាមេរិកនិងអ៊ុយក្រែនចុះកិច្ចព្រមព្រៀងរ៉ែ ទាំងកងទ័ពវិមានក្រឹមឡាំង និង ទាហានអ៊ុយក្រែន បានបន្តវាយប្រហារគ្នា ដដែល។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ធ្លាប់បញ្ជាក់ថា ការប្រឹងប្រែងរបស់អាមេរិក កន្លងមក អាចជិតសម្រេចជោគជ័យ តែ ក៏អាចបរាជ័យដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner