សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពនៅក្នុងតំបន់ គឺមានសារៈសំខាន់ខ្លាំងណាស់

ភ្នំពេញ៖ ពីទីក្រុងហ្សាការតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពនៅក្នុងតំបន់ គឺមានសារៈសំខាន់ខ្លាំងណាស់។ ហេតុនេះអាស៊ានគ្មានភាពអល់អែកណាមួយនៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយគ្រប់បណ្ដាប្រទេសទាំងអស់មិនថា ប្រទេសកុម្មុយនីស្ត ប្រទេសសេរី ឬប្រទេសប្រកាន់ប្រព័ន្ធអ្វីនោះទេ។ ដោយសម្តេចបានលើកឡើងថា សំខាន់គឺធ្វើយ៉ាងឱ្យអាស៊ានក្លាយជាតំបន់ប្រកបដោយស្ថិរភាព និងសន្តិភាព។ ប្រសាសន៍សម្តេចតេជោនៅក្នុងពិធីថ្លែងសារគោលនយោបាយ នៅស្នាក់ការកណ្តាលអាស៊ាន/លេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អាស៊ានបានដើរតួនាទីដ៏ល្អមួយនៅក្នុងការសម្របសម្រួលដោះស្រាយជម្លោះរបស់ប្រទេស ក្នុងតំបន់ តែអាស៊ានប្រកាន់ជំហរមិនលូកដៃចូលកិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសទាំងអស់នោះឡើយ។ សម្ដេចសូមគោរពចំពោះភាពស៊ីវិល័យ(ទាន់សម័យនិយម)របស់អាស៊ាន ដែលប្រកាន់ជំហរដ៏ល្អបែបនេះ។

សម្តេចតេជោ បានបន្តថា អាស៊ានមានភាពស៊ីវិល័យ ដោយអាស៊ានបានដើរដល់ដំណាក់កាលមួយដោយរុញច្រានឱ្យមានសន្តិភាពនៅក្នុង តំបន់តាមរយៈការប្រឹងប្រែងបញ្ចប់ជម្លោះនៅកម្ពុជា។ សម្ដេចបានថ្លែងអំណរគុណអាស៊ានដែលបានជួយជំរុញដល់ដំណើរការបញ្ចប់សង្គ្រាមនៅកម្ពុជា។ កម្ពុជាបានជំពាក់គុណអាស៊ាន ដែលបានប្រឹងប្រែងចូលរួមដោះស្រាយបញ្ចប់ជម្លោះរ៉ាំរ៉ៃនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner