ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ នៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធានបានសម្ដែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី នាយករដ្ឋមន្រ្តី។ ចំពោះរូបលោក, កម្ពុជាតែងមានការផ្លាស់ប្តូរជាវិជ្ជមានជានិច្ច នៅរាល់ពេលដែលលោកមកកម្ពុជា ម្តងៗ។ ជាមួយគ្នានេះ, លោកប្រធានក៏បានបង្ហាញនូវក្ដីសោមនស្សរីករាយ ដែលបានឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា កាន់តែរឹងមាំ និងរីកលូតលាស់ខ្លាំងក្លា។ ឆ្លៀតក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ និងការផលិតនូវផលិតផលផ្សេងៗ ដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ។ លោកប្រធានបន្ថែមថា ការវិនិយោគនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជា ផងដែរ។
ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការស្វាគមន៍ចំពោះលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគនានា ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ, សម្តេចធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុន ដែលវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិតផលសម្រេច ដើម្បីបម្រើទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅតំបន់ និងសកលលោក។
មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ និងពិចារណាក្នុងការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត




