លោក Trump គំរាមបន្ថែមពន្ធ១០០% លើភាពយន្តអាមេរិកផលិតនៅបរទេស

បរទេស៖ លោកប្រធានាធិបតី Donald Trump បានគំរាមថា នឹងបន្ថែមពន្ធ ១០០ភាគរយ លើខ្សែភាពយន្តអាមេរិកណា ដែលត្រូវបានផលិត នៅក្រៅប្រទេស នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃចន្ទនេះ។

ការគំរាមកំហែងនេះ បានកើតមានឡើង ស្របពេលដែល ឧស្សាហកម្មភាពយន្តរបស់អាមេរិក កំពុងរងផលប៉ះពាល់ស្រាប់ទៅរួចហើយ ដោយសារតែគោលនយោបាយពាណិជ្ជកម្ម របស់លោក Trump ។ កាលពីខែមេសា ប្រទេសចិនទើបបានប្រកាសថា ខ្លួននឹងកាត់បន្ថយកូតា នៃខ្សែភាពយន្តអាមេរិក ហូរចូលប្រទេសរបស់ខ្លួន ដើម្បីសងសឹកនឹងរដ្ឋបាលលោក Trump ដាក់ពន្ធទំនិញ លើប្រទេសចិន។

យ៉ាងណាមិញ បុរស វ័យ៧៨ឆ្នាំ ដែលកំពុងបង្កើនជម្លោះពាណិជ្ជកម្ម ជាមួយប្រទេស ជុំវិញពិភពលោក រូបនេះ បានអះអាង តាមរយៈបណ្តាញសង្គម Truth Social ថា ការដាក់សំពាធនេះ ធ្វើឡើងដើម្បីស្រោចស្រង់ឧស្សាហកម្មភាពយន្តរបស់អាមេរិក ដែលកំពុងរងគ្រោះខ្លាំង ដោយលោកអះអាងថា «យើងចង់បានភាពយន្ត ដែលផលិតនៅអាមេរិក ម្តងទៀត!»។ លោកបន្តទៀតថា ភាពយន្តអាមេរិកផលិត នៅបរទេស ក្រៅពីខាតបង់សេដ្ឋកិច្ច ក៏ជាការគំរាមកំហែងដល់សន្តិសុខជាតិ ដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានអះអាងបន្ថែមថា ដំណឹងនេះ គឺជាការពិត និងកំពុងដំណើរការ ប៉ុន្តែព័ត៌មានលម្អិត មិនទាន់ច្បាស់នៅឡើយទេ។ សេចក្តីថ្លែងការណ៍របស់លោក Trump មិនបាននិយាយថា តើពន្ធនឹងអនុវត្តចំពោះក្រុមហ៊ុនផលិតកម្មអាមេរិក ណាខ្លះនោះទេ។ ប៉ុន្តែ ភាពយន្តថ្មីៗ ជាច្រើន ដែលផលិតដោយស្ទូឌីយោអាមេរិក និង ត្រូវបានថត នៅខាងក្រៅដីអាមេរិក រួមមាន ដូចជា Deadpool & Wolverine, Wicked និង Gladiator II ជាដើម។

គួររម្លឹកដែរថា មុនពេលឡើងកាន់តំណែង លោក Trump បានតែងតាំងតារាភាពយន្តចំនួនបីរូប ឲ្យធ្វើជាឯកអគ្គរដ្ឋទូតពិសេស ដែលមានភារកិច្ច លើកកម្ពស់ឱកាសអាជីវកម្ម នៅឧស្សាហកម្មភាពយន្តហូលីវូដ។

របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្មភាពយន្ត ProdPro បានឲ្យដឹងថា អាមេរិកបានចំណាយ ជាង១៤ពាន់លានដុល្លារអាមេរិក ផលិតកម្មភាពយន្ត កាលពីឆ្នាំមុន ប៉ុន្តែ បានធ្លាក់ចុះ២៦% ចាប់តាំងពីឆ្នាំ២០២២៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner