អ៊ីស្រាអែលវាយប្រហារលើប្រទេសយេម៉ែន
បរទេស ៖ យោធាប្រទេសអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារ លើគោលដៅក្រុមឧទ្ទាម ហ៊ូធី នៅក្នុងទីក្រុង Hodeida នៃប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។
ការវាយប្រហារនេះបានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីក្រុមឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីល នៅអាកាសយានដ្ឋានសំខាន់ របស់អ៊ីស្រាអែល។
យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារគោលដៅភេរវកម្ម ដែលជាកម្មសិទ្ធិ របស់របបភេរវករ Huthi តាមបណ្តោយឆ្នេរសមុទ្រ នៃប្រទេសយេម៉ែន និង លើតំបន់ដីគោកផ្សេងទៀត….ទីតាំងនេះគឺជាកំពង់ផែ Hodeida ដែលត្រូវបានប្រើប្រាស់ សម្រាប់ការផ្ទេរសព្វាវុធរបស់អ៊ីរ៉ង់ សម្ភារៈយោធា និងឧបករណ៍ផ្សេងទៀត សម្រាប់គោលបំណងភេរវកម្ម»។
នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានត្រួតពិនិត្យការវាយប្រហារ ដែលបានធ្វើឡើងប្រឆាំងនឹងក្រុម Huthi រួមជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz និង មេទ័ព Eyal Zamir នៅបញ្ជាការទ័ពអាកាស ស្ថិតក្នុងទីក្រុង Tel Aviv។
ជាមួយគ្នានេះ វីដេអូដែលចេញផ្សាយ ដោយទូរទស្សន៍ របស់ពួក Huthi ក៏បានបង្ហាញពីលទ្ធផល នៃការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល ទៅលើរោងចក្រស៊ីម៉ងត៍ Bajil មានទីតាំង នៅភាគខាងកើត នៃតំបន់ Hodeida លើឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសយេម៉ែន ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
