អ្នកស្ម័គ្រចិត្តចេញពីអាមេរិក បាន ១ពាន់ដុល្លារ ពីរដ្ឋបាល Trump
បរទេស ៖ រដ្ឋបាល Trump បានអះអាង កាលពីថ្ងៃចន្ទថា ខ្លួននឹងចំណាយ សម្រាប់ការធ្វើដំណើរ និងផ្តល់ប្រាក់១,០០០ដុល្លារ ដល់ជនចំណាកស្រុក ដែលគ្មានឯកសារ និរទេសដោយខ្លួនឯង ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ វិញ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ នៅឯសេតវិមានថា «យើងនឹងបង់ប្រាក់ឱ្យម្នាក់ៗ នូវចំនួនជាក់លាក់មួយ ហើយយើងនឹងនាំពួកគេ ជិះយន្តហោះដ៏ស្រស់ស្អាត ត្រឡប់ទៅកន្លែងដើម របស់ពួកគេវិញ»។
រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានប្រកាស អំពីកម្មវិធី CBP Home ជួយសម្រួលការធ្វើដំណើរ និងឧបត្ថម្ភ១,០០០ដុល្លារនេះ ដោយលោកស្រី បាននិយាយថា «ការនិរទេសខ្លួនឯង គឺជាវិធីល្អបំផុត សុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការចាកចេញ ពីសហរដ្ឋអាមេរិក ដើម្បីចៀសវាងការចាប់ខ្លួន»។
លោក Trump បានសន្យា ក្នុងអំឡុងពេលយុទ្ធនាការ បោះឆ្នោតប្រធានាធិបតី អំពីការអនុវត្តការនិរទេសទ្រង់ទ្រាយធំ ហើយបានអះអាងថា មានជនចំណាកស្រុក គ្មានឯកសារ រហូតដល់ ២១លាននាក់ រស់នៅក្នុងសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជនចំណាកស្រុកដែលគ្មានឯកសារ មានត្រឹម១១លាននាក់ ក្នុងឆ្នាំ២០២២ នេះបើយោងតាមការប៉ាន់ស្មាន របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដោយផ្អែកលើទិន្នន័យពីការស្ទង់មតិសហគមន៍អាមេរិក របស់ការិយាល័យជំរឿន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

