សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋាន​សាង​សង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

(កណ្តាល)៖ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ​បើក​ការដ្ឋាន គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមឥណទាន​សម្ប​ទាន​​​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលសមិទ្ធផលនេះ នឹងចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់​ប្រជា​ពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូ​វ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ។

តាមរបាយការណ៍របស់ ឯកឧត្តម ប៉េង ពោធ៌នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ រៀបចំឡើងជា​ប្រព័ន្ធ​ញែក​ដោយឡែក រវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះ មាន​ការ​ងារសាងសង់ធំៗចំនួន២ រួមមាន៖

១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះ រួមមាន៖ ការ​សាង​សង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រុះ​តាម​បែប​ធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០​ហិក​​តា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន ១២,០០០ម៉ែត្រ​គូប ក្នុង ១ថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និង​បណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រម​ទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្ម​ទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ៦សង្កាត់ រួមមានសង្កាត់​កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់​ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤​ហិកតា ក្នុងក្រុងតាខ្មៅ ។

២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះ រួមមាន៖ ការសាង​សង់​​បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់ និងលូមូលតាម​បណ្ដោយ​​ផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូ​ម៉ែ​ត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ២កន្លែង ព្រម​ទាំងបណ្ដាញលូរំដោះទឹកភ្លៀងមួយចំនួនទៀត ក្នុងក្រុងតាខ្មៅ ។

គម្រោងនេះ ក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ ប្រតិបត្តិការ និង​ថែ​ទាំរយៈពេល ១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាព​មន្ត្រី​បុគ្គ​លិក​អង្គភាពទទួលខុសត្រូវ លើការងារប្រតិបត្តិការ និងថែទាំ​ប្រព័ន្ធ​ប្រ​ព្រឹត្តកម្មទឹកកខ្វក់ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ។

គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហ​អាជីវ​កម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេស ដោយ​ក្រុម​ហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមាន​តម្លៃ​កិច្ច​សន្យាសរុបជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណទាន​សម្ប​ទាន​​​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធ​អា​ករ​ផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយ​គ្រោង​បញ្ចប់ការសាងស ង់នៅក្នុងឆ្នាំ២០២៧ ។

ក្រោយពីបញ្ចប់ការសាងសង់ សមិទ្ធផលទាំងនេះ នឹងចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថាន សម្រាប់​ប្រជា​ពលរដ្ឋ រស់នៅក្នុង ៦សង្កាត់ នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូ​វ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ។ ជាងនេះទៀត គម្រោងនេះ ក៏នឹងជួយ​ជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner