ត្រាំថាបទឈប់បាញ់បីថ្ងៃរបស់ពូទីន ច្រើនហើយប៉ុណ្ណឹង
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការប្រកាសបទឈប់បាញ់ រយៈពេលបីថ្ងៃ របស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ស្តាប់ទៅហាក់ដូចជាតិច ប៉ុន្តែ ច្រើនណាស់ហើយ ប៉ុណ្ណឹង។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ នៅសេតវិមាន កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកស្ថិតក្នុងស្ថានភាពល្អ ក្នុងការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោកបានរំឭក ពីការខាតបង់យ៉ាងធ្ងន់ធ្ងរ ទាំងរុស្ស៊ីនិងអ៊ុយក្រែន ដែលបានរងទុក្ខ នៅសមរភូមិ ផងដែរ។
លោក ត្រាំ បាននិយាយថា «ខ្ញុំគិតថា យើងបានមកឆ្ងាយហើយ វាអាចនឹងមានអ្វីមួយកើតឡើង ប៉ុន្តែ សង្ឃឹមថា វានឹងកើតឡើង។ ដូចដែលអ្នកបានដឹងហើយថា ប្រធានាធិបតី ពូទីន បានប្រកាសបទឈប់បាញ់ រយៈពេលបីថ្ងៃ ដែលស្តាប់ទៅ មិនច្រើនទេ ប៉ុន្តែ វាច្រើនណាស់ ប្រសិនបើអ្នកដឹងថា យើងចាប់ផ្តើម ពីចំណុចណាមក»។
លោក ត្រាំ នៅតែជឿជាក់ថា សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន មិនគួរកើតឡើង នោះទេ។ លោកថា «អ្នកនឹងខកចិត្ត នៅពេលអ្នករកឃើញ ចំនួនពិតប្រាកដ នៃមនុស្សដែលត្រូវបានសម្លាប់ មានច្រើនជាងនេះ ខ្ញុំជឿថា ច្រើនខ្លាំងណាស់»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
