ការប្រកួតកីឡាបាល់ទះពានរង្វាន់ឧត្តមសេនីយ៍ទោ ម៉ែន លី បង្កើតឡើងបំផុសវិស័យកីឡាបា ល់ទះក្នុងខេត្តតាកែវ

អត្ថបទដោយ៖
ជាវ ចន្ធូ

(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងរៀបចំការប្រកួតកីឡាបាល់ទះមួយ នាថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ដោយប្រសិទ្ធិនាមថា ការប្រកួតកីឡាបាល់ទះដណ្តើម ពានរង្វាន់ ឧត្តម សេនីយ៍ទោ ម៉ែន លី លើកទី១ នៅទីលានកីឡាបាល់ទះខេត្ត តាកែវ ។

ឧត្តមសេនីយ៍ត្រី សៅ សារ៉ុន តំណាង ឯកឧត្តម ឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ បានលើកឡើងថា ការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១ ដែលរៀបចំដោយស្នងការដ្ឋាននគរបាល ខេត្តតាកែវ គិតមកដល់ពេលប្រកាសជូនតំណឹងដល់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រឹមថ្ងៃច័ន្ធទី៥ ខែឧសភា ឆ្នាំ២០២៥ មានក្រុមកីឡាបាល់ទះចុះឈ្មោះចូលរួមសរុបចំនួន ១៦ក្រុម ។

ឧត្តមសេនីយ៍ត្រី សៅ សារ៉ុន បានបញ្ជាក់ថា ការប្រកួតលើកទី១នេះ គ្រោងដំណើរការប្រកួតរយៈពេល ១៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃបើកការប្រកួត១៣ ខែឧសភា ឆ្នាំ២០២៥ ហើយក្រុមកីឡាបាល់ទះដែលចូលរួមប្រកួត គឺជាក្រុមយុវជននៅក្នុងខេត្តតាកែវ ដោយចែកចេញជាក្របខណ្ឌក១ និងក្របខណ្ឌក២ ក្នុងនោះកីឡាករក្នុងក្រុមកំណត់យកយុវជនក្រោមអាយុ ២៣ឆ្នាំចំនួនច្រើនខណៈដែលលើស ២៣ឆ្នាំ ក្នុង ១ក្រុមអនុញ្ញាតឱ្យមានត្រឹម៣នាក់ប៉ុណ្ណោះ ។

ឧត្តមសេនីយ៍ត្រី សៅ សារ៉ុន បានអះអាងថា ពានរង្វាន់កីឡាបាល់ទះថ្នាក់ខេត្តលើកទី១នេះ បានបង្កើតឡើងក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡាបាល់ទះនិងលើកមុខមាត់ខេត្ត និងទី២ ជាការផ្តល់ឱកាសដល់យុវជននៅក្នុងខេត្តបានចូលរួមលេងកីឡាទទួលបាននូវសុខមាលភាពល្អ ជៀសឆ្ងាយអំពីគ្រឿងញាន ឬអំពើរអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ ជាមួយព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំខេត្តលើកទី១នេះ តំណាងស្នងការនគរបាលខេត្តតាកែវរូបនេះ បានរំលេចថា ការប្រកួតយកតាមលំនាំស្តង់ដារបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ពោលការកាត់សេចក្តីរបស់គណៈកម្មការបច្ចេកទេស គឺមានការកាត់សេចក្តីយ៉ាងសុក្រិតយុត្តិមិនលំម្អង ខណៈដែលការប្រកួតធ្វើឡើងដើម្បីចម្រាញយកក្រុមយុវជនប្រចាំខេត្តឆ្នើមត្រៀមប្រកួតតំណាងខេត្ត ក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងព្រឹត្តិការណ៍នានាដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ទន្ទឹមជាមួយគ្នានេះដែរ ឧត្តម សេនីយ៍ត្រី សៅ សារ៉ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន និងអាណាព្យាលចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួតនេះឱ្យបានច្រើនកុះករ ជាការចូលរួមលើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទះក្នុងខេត្ត និងយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ ។

សូមបញ្ជាក់ដែរថា ការប្រកួតកីឡាបាល់ទះដណ្តើម ពានរង្វាន់ ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១នេះ ក្រុមបាល់ទះដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់១អមដោយមេដាយមាស និងប្រាក់រង្វាន់ចំនួន៦លានរៀល។ ក្រុមជាប់ចមណាត់លេខ២ទទួលបានមេដាយប្រាក់អមដោយប្រាក់រង្វាន់ចំនួន ៣លានរៀល ។ ក្រុមចំណាត់លេខ៣ទទួលបានមេដាយសំរឹទ្ធអមប្រាក់រង្វាន់សរុបចំនួន ២លានរៀល ខណៈក្រុមចំណាត់ថ្នាក់លេខ៤ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល៕

រូបភាព ៖ ជីម ភារ៉ា សែម បូរិន និងមឿង គឹមរ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner