ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទនិង ការបង្ក្រាបបទល្មើស នេសាទខុសច្បាប់
កំពង់ធំ៖នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងបន្តអនុវត្ត វិធានការម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តមមេបញ្ជាការតំបន់សឹក ក្រើនរំលឹកដល់នាយទាហាន នាយ ទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ០០៣ /២០២០ របស់ក្រសួងការពារជាតិ .ស្តីពីវិធានការពង្រឹងអនុវត្តតាមលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ដែលយោធិនគ្រប់រូបត្រូវតែគោរពនិងប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ ដើម្បីលើកកិត្យានុភាព និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទក្នុងសម័យឌីជីថល ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអគុណកម្លាំងចម្រុះដែលមានកងយោធពលខេមរភូមិន្ទជាស្នូល ក្នុងសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ និងបានស្នើសុំដល់កងកម្លាំងទាំងអស់ ដែលមានភារកិច្ចផ្លាស់ប្ដូរទៅបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទ ត្រូវធ្វើសកម្មភាពជាប្រចាំឱ្យដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យបទល្មើសនេសាទកើតឡើងជាថ្មី ។សហការជាមួយរដ្ឋបាលជលផលនិងកងកម្លាំងចម្រុះ ដែលបំពេញភារកិច្ចនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឱ្យបានល្អប្រសើរ និងទទួលបានជោគជ័យបន្ថែមទៀត ៕
ដោយ៖ ប៊ុន រដ្ឋា