សៀមរាបជំរុញការត្រៀមខ្លួនប្រយុទ្ធនឹងគ្រោះធម្មជាតិក្នុងរដូវវស្សា និងអនុវត្តការងារសំខាន់ៗ
សៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត សៀមរាប បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ត្រៀមខ្លួនប្រយុទ្ធនឹងគ្រោះធម្មជាតិក្នុងរដូវវស្សា។
ដោយឡែក រដ្ឋបាលខេត្តបានផ្ដោតការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ជាពិសេសនៅតំបន់ផ្សារចាស់ ផ្សារលើ មុខមន្ទីរពេទ្យ និងសាលារៀន។ការបង្កើនសុវត្ថិភាពសាធារណៈ និងការទប់ស្កាត់ករណីគ្រឿងញៀន ក្រុមក្មេងទំនើង។ការគ្រប់គ្រងភ្នំគូលែន និងធារាសាស្ត្រការរក្សាព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) និងផ្តន្ទាទោសអ្នកបំពាន។
លោក សំកុល សុចិត្រា បានលើកឡើងថា ការងាររដ្ឋបាលខេត្តសៀមរាបក្នុងខែមេសា បានសម្រេចបានលទ្ធផលគួរឱ្យកោតសរសើរ។ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តអនុវត្តផែនការរបស់អង្គសន្និបាត ខេត្ត ឆ្នាំ២០២៥ ឱ្យបានជោគជ័យ។
នៅក្នុងកិច្ចប្រជុំនេះ ក៏បានណែនាំឱ្យបង្កើតគណៈកម្មការត្រួតពិនិត្យសកម្មភាព និងធ្វើរបាយការណ៍ឱ្យបានត្រឹមត្រូវ មុននឹងដាក់ឆ្លងចូលកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត៕





ដោយ៖ប៊ុនរដ្ឋា