មជ្ឈមណ្ឌលផលិតភាពជាតិ រៀបចំវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិមួយ ស្តីពី«បញ្ញាសប្បនិម្មិត និងការវិភាគទិន្នន័យ AI and Data Analytics សម្រាប់ការលើកកម្ពស់ផលិតភាព»
(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិ ដើម្បីភាពជឿនលឿននៃវិស័យផលិតភាពនៅកម្ពុជា តាមបែបច្ចេកវិទ្យាទំនើប បានបើកវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិមួយ ស្តីពី«បញ្ញាសប្បនិម្មិត និងការវិភាគទិន្នន័យសម្រាប់ការលើកកម្ពស់ផលិតភាព» ។
សិក្ខាសាលានេះ បានកំពុងនិងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ពូលូវៃ ក្នុងរាជធានីភ្នំពេញ ដែលមានសិក្ខាកាមបរទេសជាសមាជិកនៃអង្គការផលិតភាពអាស៊ី APO មកពី១៤ ប្រទេសចូលរួមផងដែរ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានមានការចូលរួមជាអធិបតី ដោយ ឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានឆ្លាស់វេន អង្គការផលិតភាពអាស៊ី APO ប្រចាំនៅកម្ពុជាផងដែរ ។ ការៀបចំឲ្យវេទិការនេះឡើង គឺក្នុងសគោលបំណងដើម្បីចែករំលែកចំណេះដឹងលើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងការវិភាគទិន្នន័យ AI and Data Analytics ទៅកាន់គ្នាទៅវិញទៅមកដល់បណ្តាប្រទេសដែលជាសមាជិកនៃអង្គការ APO ដែលមានគ្រូជំនាញការ មកពី ៣ប្រទេស គឺប្រទេសសឹង្ហបុរី ថៃ និងហូឡង់ ដើម្បីការដើរទាន់នូវភាពវិវឌ្ឍន៍យ៉ាងលឿនផ្នែកបច្ចេកវិទ្យានៃពិភពលោក ។
វិស័យផលិតភាពនៅកម្ពុជា តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានមហិច្ចតា ព្រមទាំងបានកំពុងនឹងពង្រីកខ្លួនដើម្បីភាពវិវឌ្ឍន៍ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីការទទួលស្គាល់ពីគុណភាព និងផលិតភាព នៃផលិតផលរបស់កម្ពុជាឲ្យកាន់តែច្រើនឡើង នៅលើឆាកអន្តរជាតិផងដែរ ។
កម្ពុជាដើម្បីជំរុញចលនាផលិតភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព បានខិតខំធ្វើកិច្ចការជាច្រើន និងបានចូលជាសមាជិកអង្គការ APO តាំងពីឆ្នាំ២០០៤ ដែលទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការផ្តល់ចំណេះដឹងបច្ចេកទេស ការបណ្តុះបណ្តាល និងការអនុវត្តគម្រោងប្រកប ដោយនវានុវត្តន៍ ក្នុងវិស័យផលិតកម្ម សេវាកម្ម និងកសិកម្ម ។
ជាកិច្ចប្រឹងប្រែងក្នុងការងារនេះ ក្រសួងឧស្សាហកម្ម តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិ បានជំរុញចលនាផលិតភាព នៅតាមបណ្តាសហគ្រាសឯកជនជាដៃគូ និងសាកល្បងអនុវត្ត វិធីសាស្រ្តបង្កើនគុណភាព ផលិត ភាព ប្រសិទ្ធភាពការងារ តាមរយៈរូបភាព ជាវគ្គបណ្តុះបណ្តាល សិក្ខាសាលា ក៏ដូចជាគម្រោងក្រុមហ៊ុនគម្រូ ដែលបង្កលក្ខណៈឱ្យក្រុមហ៊ុនក្នុងស្រុកអាចរៀនសូត្រពីគ្នាទៅវិញទៅមក និងបញ្ជូនសិក្ខាកាមទៅរៀនសូត្រពីបណ្តាប្រទេសជាសមាជិកចំនួន២០ ដើម្បីអាចឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងថ្នាក់តំបន់ ឬសកលលោក ៕





អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ