ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់ សេវា សាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព
(ភ្នំពេញ)៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយ ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ក្រុមប្រឹក្សា និងគណៈអភិបាល ការងារគ្រប់គ្រងសំរាម ការងារចរាចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ខណៈកំណែទម្រង់តាមវិស័យនីមួយៗ ត្រូវគាំទ្រ និងសម្របសម្រួលជួយដល់កំណែទម្រង់ស្នូលទាំង៥ ដើម្បីធានាថាការកែលម្អស្ថាប័នសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នាលើគ្រប់វិស័យ និងគ្រប់ស្ថាប័ន ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
សូមបញ្ជាក់ថា សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃកន្លះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាល អភិបាលរងរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៥៦០នាក់៕
ដោយ / គ្រី សម្បត្តិ






