ទូតរុស្ស៊ីនៅកម្ពុជាប្រារព្ធខួប ៨០ឆ្នាំនៃទិវាជ័យជំនះក្នុងមហាសង្គ្រាមកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់

ភ្នំពេញ ៖ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា និងជុំវិញពិភពលោក នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ បានរៀបចំកម្មវិធីក្បួនព្យុហយាត្រា និងដាក់ផ្ការំលឹកដល់គុណបំណាច់របស់វីរៈបុរសរុស្ស៊ី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងឱកាសប្រារព្ធខួបលើកទី៨០ នៃទិរាជ័យជំនះក្នុងមហាសង្គ្រាមស្នេហាជាតិប្រឆាំងពួកណាស៊ីអាល្លឺម៉ង់។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា ឯកឧត្តម Anatoly BOROVIK បានចាត់ទុកខួបលើកទី៨០ឆ្នាំនេះ មានសារៈសំខាន់បំផុតសម្រាប់ប្រជាជនរុស្ស៊ី ហើយរុស្ស៊ីត្រូវតែនៅចងចាំជ័យជំនះនេះជានិច្ច របស់បុព្វបុរសយើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារជាតិមាតុភូមិ ហើយក៏ជាការរំលឹកម្តងទៀតនូវគុណតម្លៃនៃសន្តិភាព ដែលមានសារៈសំខាន់សម្រាប់គ្រប់ប្រទេសជុំវិញពិភពលោក។

ឯកឧត្តម Anatoly BOROVIK បន្តថា ដោយសារតែមហាសង្គ្រាមនេះ ពលរដ្ឋសូវៀតចំនួន ២៦.៦លាននាក់បានស្លាប់បាត់បង់ជីវិត ទីក្រុង និងភូមិទាំងមូលត្រូវបានបំផ្លាញស្ទើរទាំងស្រុង។ ដូច្នេះ នេះជាការបាត់បង់ដ៏ធំសម្បើមនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសរុស្ស៊ី។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា រុស្ស៊ីនឹងប្តេជ្ញាចិត្តទប់ស្កាត់កុំឱ្យឧត្តមគតិណាស៊ីនិយមងើបឡើងវិញ កុំឱ្យឧត្តមគតិនេះបង្កឧបសគ្គសម្រាប់មនុស្សជាតិ។ ហើយរុស្ស៊ីក៏នឹងប្រកៀកស្មារគ្នាជាមួយបណ្តាប្រទេសស្នេហាសន្តិភាពដទៃទៀត ដើម្បីធានាកុំឱ្យកើតមានផលវិបាកដូចសង្គ្រាមលើកទី២។

សូមជម្រាបថា ទិរាជ័យជំនះក្នុងមហាសង្គ្រាមស្នេហាជាតិប្រឆាំងពួកណាស៊ីអាល្លឺម៉ង់ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី៩ ខែឧសភា ក្នុងទីក្រុងមូស្គូ ហើយគឺជាថ្ងៃខួបដ៏សំខាន់បំផុតរបស់ប្រទេសរុស្ស៊ី។ សង្គ្រាមដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិនេះ បានកើតឡើងចាប់ពីឆ្នាំ ១៩៤១-១៩៤៥ ដែលពេលនោះ ពួកណាស៊ីអាល្លឺម៉ង់បានបញ្ជូនកងទ័ពប្រមាណ ៣លាននាក់ ឱ្យទៅវាយប្រហារលើសហភាពសូវៀត។ រយៈពេល ៤ឆ្នាំក្រោយមក សង្គ្រាមនេះបានធ្វើឱ្យកងទ័ពសូវៀតប្រមាណ ១០លាននាក់ និងជនស៊ីវិលប្រមាណ ១៤លាននាក់ស្លាប់បាត់បង់ជីវិត៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner