ក្រសួងបរិស្ថានព្រមានចាត់វិធានការផ្លូវច្បាប់គ្មានការលើកលែង ចំពោះអ្នកដែលប្រព្រឹត្តិល្មើសធនធានធម្មជាតិក្នុងការលក់ ជួលឬឈូសឆាយព្រៃឈើ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៥នេះបានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការព្រមាន និងក៏ដូចជាប្រាប់ដល់សាធារណជន ពិសេសសមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិមិនត្រូវយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើឲ្យគោល បំណងផ្សេងទៀត ជាហេតុធ្វើអោយបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានធម្មជាតិរបស់ជាតិ។

ជាមួយគ្នានេះក្រសួងចាត់ទុកថាសកម្មភាពបែបនេះជាការល្មើសទៅនឹងក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ និងបង្វែរធ្វើជា ដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឲ្យបុគ្គលណាមួយបានឡើយ។»
ក្រសួងបរិស្ថានបាន ធ្វើការអំពាវនាវដល់គ្រប់សមាជិកនិងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ត្រុវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និង ប្រើប្រាស់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ធ្វើយ៉ាងណារក្សាការពារធនធានធម្មជាតិជាតិយើង ប្រើប្រាស់ ឲ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។
ទន្ទឹមជាមួយគ្នានេះ ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល និង/ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ៕
ដោយ ៖ ម៉ាដេប៉ូ
