លោក Trump ប្រកាសឈប់ទម្លាក់គ្រាប់បែកលើក្រុមហ៊ូទីនៅយេម៉ែន
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃអង្គារ បានប្រកាសនឹងឈប់ទម្លាក់គ្រាប់បែកលើក្រុមហ៊ូទីនៅប្រទេសយេម៉ែនតទៅទៀត ដោយលោកបាននិយាយថា ក្រុមប្រដាប់អាវុធមានអ៊ីរ៉ង់ជាខ្នងបង្អែកនេះ បានយល់ព្រមឈប់វាយប្រហារផ្លូវទឹកសំខាន់ៗនៅមជ្ឈិមបូព៌ា។
ភ្លាមៗ ក្រោយលោក Trump ប្រកាសនោះរួច ប្រទេសអូម៉ង់បានចេញមុខអះអាងថា ខ្លួនបានសម្រុះសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់មួយនេះ ហើយវាបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលនយោបាយក្រុមហ៊ូទី ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣មក។
អូម៉ង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅក្រោមកិច្ចព្រមព្រៀងនោះ ទាំងអាមេរិក និងក្រុមហ៊ូទី នឹងមិនកំណត់គោលដៅវាយប្រហារដាក់គ្នាទៀតទេ រួមទាំងការរំខាននាវារបស់អាមេរិកនៅក្នុងដែនទឹកសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ផងដែរ។
សេចក្តីថ្លែងការណ៍របស់អូម៉ង់នេះ មិនបានលើកឡើងថាតើក្រុមហ៊ូទីយល់ព្រមបញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែលដែរឬក៏អត់ទេ។
រីឯលោក Trump វិញ ក៏មិនបានបញ្ជាក់ ថាតើអង់គ្លេសបានយល់ព្រមចំពោះបទឈប់បាញ់នេះឬយ៉ាងណាទេ ដោយសារអង់គ្លេសក៏បានចូលរួមក្នុងប្រតិបត្តិការយោធាកន្លងមកផងដែរ។
ទោះបីជាយ៉ាងណា កាតា និងកូវ៉ែត ស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់នេះ ក្នុងសេចក្តីថ្លែងការណ៍រៀងៗខ្លួន កាលថ្ងៃអង្គារ ដោយសង្ឃឹមថា កិច្ចព្រមព្រៀងនេះគឺជាការបោះជំហានទៅរកសេរីភាពនៃការធ្វើនាវាចរណ៍៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
