ពេទ្យសត្វខេត្តបន្ទាយមានជ័យចុះត្រួកពិនិត្យសត្វ និងផ្សព្វផ្សាយដល់សមត្ថកិច្ច ជាប់ព្រំដែនជួយទប់ស្កាត់ការលួចនាំ ចូលសត្វដោយខុសច្បាប់
បន្ទាយមានជ័យ៖លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃ។សកម្មភាពនេះដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកើតមានជំងឺឈាមខ្មៅ ឬ ជំងឺអង់ត្រាក់លើសត្វពាហនៈនៅប្រទេសថៃ ។មន្រ្តីជំនាញក៏បានផ្សព្វផ្សាយដល់សមត្ថកិច្ចការពារព្រំដែន ឱ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ផងដែរ។
លោក ហ៊ុយ ទូច បានឱ្យដឹងថា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃនិងការដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វតាមច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ លោកបន្តថា ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយនិងសហការជាមួយសមត្ថកិច្ចការពារព្រំដែនឱ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។ ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លង។ជាការកត់សម្គាល់សត្វទាំងអស់នេះមានសុខភាពល្អជាធម្មតា៕





ដោយ៖ឃិន គន្ធា