រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់គិតគូរគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់គិតគូរគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឱ្យមានរបៀបរៀបរយនិងព្យាយាមដោះស្រាយបញ្ចប់វិវាទទាំងស្រុងរវាងប្រជាជនដែលរស់នៅក្នុង ១១៤ ភូមិនៃតំបន់បេតិកភណ្ឌអង្គរ ជាមួយនឹងអាជ្ញាធរជាតិអប្សរា ។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ស្របតាមការប្រែប្រួលនៃប្រជាសាស្ត្រ និងស្ថានភាពវិវត្តន៍នៃសង្គម សេដ្ឋកិច្ចកម្ពុជា និងស្ថានការណ៍វិវត្តន៍នៃនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោកផងនោះ ធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្សាន្តប្រាសាទអង្គរវត្តមានការប្រែប្រួល ដូច្នេះទើបក្រុមការងារបានចាប់ផ្ដើមធ្វើការវាយតម្លៃឡើងវិញ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ នេះ ដែលយើងចង់បានការគ្រប់គ្រងមួយមានភាពជាក់លាក់ ក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ហើយក៏ត្រូវបញ្ចប់ទាំងស្រុងនូវវិវាទរវាងប្រជាជនដែលរស់នៅក្នុង ១១៤ ភូមិក្នុងតំបន់បេតិកភណ្ឌអង្គរជាមួយនឹងអាជ្ញាធរជាតិអប្សរាផងដែរ ។

ចំណែកឯការទទួលខុសត្រូវក៏ត្រូវកំណត់ឡើងវិញចំពោះរដ្ឋបាលមូលដ្ឋាន អាជ្ញាធរជាតិអប្សរា ហើយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងសហការីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាអ្នកទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានូវការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនៅរមណីយដ្ឋានបេតិកភណ្ឌអង្គរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ខឿនសេដ្ឋកិច្ចនៅខេត្តសៀមរាប គឺពឹងផ្អែកទៅលើទេសចរណ៍ ដូច្នេះតាមរយៈកិច្ចប្រជុំនេះ យើងត្រូវមានការឯកភាពគ្នា និងត្រូវចូលរួមអនុវត្តក្នុងការងាររៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព ដើម្បីអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឱ្យមានសោភ័ណភាព និងមានរបៀបរៀបរយ កសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តសៀមរាបសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងម្យ៉ាងទៀតក៏ត្រូវគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុង ១១៤ ភូមិនៃតំបន់បេតិកភណ្ឌអង្គរឱ្យទទួលបានផលប្រយោជន៍ច្រើននិងមានជីវភាពល្អប្រសើរផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner