លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន ៣៨៨នាក់

(ភ្នំពេញ)៖ លោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអមដំណើរដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនលោកតាៗ អ៊ំពូដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន ៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ គឺមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។ការបង្កើតឱ្យមានមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) គឺដើម្បីអភិរក្សស៊ីក្លូឱ្យនៅគង់វង់និងដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូផងដែរ។

គិតមកដល់ពេលនេះ សមាជិកស៊ីក្លូទាំងអស់មានចំនួន ៣៨៨នាក់ ពួកគាត់តែងទទួលបានថវិកាជាប្រចាំចំនួន ៧០០០រៀលក្នុង ១ថ្ងៃ ដែលអាចបើកបាន៣ដង ក្នុង១ខែហើយមួយដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស) ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា កម្ពុជា នៅបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។

លោកជំទាវទី១ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ការបង្កើតឱ្យមានកម្មវិធីមនុស្សធម៏និងការចូលរួមពីសប្បុរសជននេះ គឺបានបង្ហាញឱ្យឃើញពីក្តីស្រលាញ់ចំពោះលោកតា លោកអ៊ុ លោកពូ អ្នកធាក់ស៊ីក្លូនៅកម្ពុជា ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបង្កើតឱ្យមានមូលនិធិនេះ តាំងពីថ្ងៃទី១៨ មករាឆ្នាំ២០១៨ មកម្លេះ ហើយឱ្យតែមានបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងផ្តល់អំណោយ ជូនពួកគាត់ជានិច្ច។

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ នៅខែកញ្ញា២០២៥ ខាងមុខនេះ ពោលគឺនាឱកាសបុណ្យ ដាក់បិណ្ឌ ភ្ជុំបិណ្ឌ លោកជំទាវបណ្ឌិត ឯកឧត្ដម ឃួង ស្រេង និង លោកជំទាវ នឹងអញ្ជើញបងប្អូនអ្នកធាក់ស៊ីក្លូទាំង ៣៨៨នាក់ ទៅដាក់បិណ្ឌជាមួយគ្នា ដើម្បីបានទទួលបានកុសលផលបុណ្យរួមគ្នា ។

ជាក់ស្តែងសម្រាប់ពេលនេះ លោកតាៗ អ៊ំពូ ដែលជាសមាជិកស៊ីក្លូ ទាំង ៣៨៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ចំនួន ៣៥គីឡូក្រាម មី ចំនួន ១កេស ទឹកសុទ្ធ ២កេសទឹកស៊ីអ៊ីវ ១យួរ (៦ដប) ប្រេងឆា ១ដបទឹកក្រូច ១កេស ថ្នាំពេទ្យ ១កញ្ចប់ អាវក្រណាត់ ១ ខោ ១ ក្រមា ១ ច្រាសដុសធ្មេញ ១ ថ្នាំដុសធ្មេញ ១ សាប៊ូលាងដៃ ចំនួន ១ សាប៊ូកក់សក់ ១ សាប៊ូបោកខោអាវ ១ធុង អាវភ្លៀង ១ ថវិកា ១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់ ១ប្រអប់ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner