កម្ពុជា-ចិនប្រារព្ធពិធីបុណ្យពិសាខបូជា និង វេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា
តាកែវ ៖ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា-ចិនរាប់រយអង្គ/នាក់ បានរួមគ្នាប្រារព្ធពិធីដង្ហែបុណ្យពិសាខបូជា និងវេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ ពិធីដង្ហែបុណ្យពិសាខបូជានេះ ត្រូវបានធ្វើឡើងនៅបរិវេណវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ខេត្តតាកែវ ក្រោមអធិបតីភាពព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា និងចិន។
តាមការថេរៈដីកាពីព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណស្រុកត្រាំកក់ ខេត្តតាកែវ បានឱ្យដឹងថា ពិធីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ សម្រាប់ថ្ងៃ ១៥កើត(ពេញបូណ៌មី) ខែពិសាខ ដែលប្រារព្ធឡើង គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺទី១- ព្រះអង្គទ្រង់ប្រសូត ទី២- ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣- ព្រះអង្គទ្រង់ចូលបរិនិព្វាន។ ពិធីបុណ្យនេះ ក៍ត្រូវអង្គការសហប្រជាជាតិ (UN) បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
នាឱកាសនោះដែរ លោក អានទី វ័ង (Andy Wang) ប្រធានមូលនិធិវេទិកាស្នេហាមាតាពិភពលោក បានបញ្ជាក់ថា នៅលើពិភពលោកមានសេចក្តីស្រលាញ់មួយដែលមិនអាចលុបបំបាត់បាន គឺសេចក្តីស្រលាញ់របស់មាតា។ សេចក្តីស្រលាញ់របស់មាតាគឺមិនមានដែនកំណត់ ហើយនៅលើពិភពលោកគ្មានអ្វីធំជាងនេះឡើយ។ ដូច្នេះកម្មវិធីថ្ងៃនេះ គឺជាសន្និបាតលើកទី២ នៃសេចក្តីស្រលាញ់របស់មាតានៅកម្ពុជា ហើយនឹងមានការជំរុញទូទាំងប្រទេសលើពិភពលោក ដើម្បីជ្រើសរើសមាតាឆ្នើមទាំង១០រូបនៅក្នុងប្រទេសនីមួយៗ។
អ្នកនាង ខួយ ហៃលាន (Cui Hailian) ស្ថាបនិក និងជាប្រធានវេទិកាស្នេហាមាតាពិភពលោក បានមានប្រសាសន៍ថា យើងចង់ចាប់ផ្តើមពីប្រទេសកម្ពុជា ជំរុញជ្រើសរើសមាតាឆ្នើមទាំង១០រូប ដើម្បីឈានទៅឆាកអន្តរជាតិ។ ដូច្នេះអ្នកនាងសង្ឃឹមថា នឹងមានអ្នកដែលមានសេចក្តីស្រលាញ់ នឹងផ្តោតអារម្មណ៍ចូលរួមកម្មវិធីចលនានៃក្តីស្រលាញ់របស់មាតាពិភពលោក។
លោកបណ្ឌិត ឆីវ ហ្វៃឡុង (Qiu Feilong) ស្ថាបនិកនៃវេទិកាស្នេហាមាតាពិភពលោក មានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ គឺជាការផ្តល់ប្រឹក្សាយោបល់នូវសេចក្តីស្រលាញ់ដល់មាតានៃពិភពលោកចាប់ផ្តើមពីប្រទេសកម្ពុជា យើងនឹងជំរុញចលនាសន្តិភាពពិភពលោក ផ្តើមពីចំនុចនៃសេចក្តីស្រលាញ់របស់មាតា។ លោកបណ្ឌិតបន្តថា ក្នុងប្រទេសនីមួយៗមានវប្បធម៌របស់ខ្លួនឯងរៀងៗខ្លួន ដូច្នេះចលនានៃក្តីស្រលាញ់របស់មាតា គឺអាចជំរុញផ្សព្វផ្សាយដល់សម្ព័ន្ធសារព័ត៌មាន និងធ្វើឱ្យមានចលនាទេសចរណ៍ ដែលអាចធ្វើឱ្យមានកំណើនភ្ញៀវទេសចររាប់លាន រាប់ពាន់នាក់មកដល់ប្រទេសកម្ពុជា។
លោកបណ្ឌិតបន្ថែមថា ហេតុផលនេះហើយ ទើបសេចក្តីស្រលាញ់របស់មាតា គឺប្រៀបដូចពន្លឺនៃផែនដីដែលមិនអាចលុបបំបាត់បាន ហេតុដូច្នេះហើយ លោកបណ្ឌិតសង្ឃឹមថា វេទិកាវប្បធម៌មាតានិយមពិភពលោក “ពន្លឺនៃក្ដីស្រឡាញ់មាតា” នឹងទទួលបាននូវការគាំទ្រពីប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ លោកបណ្ឌិតក៏ជឿជាក់យ៉ាងមុតមាំដែរថា វេទិកាវប្បធម៌មាតានិយមពិភពលោក នឹងជំរុញផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា ពិសេសចលនារបស់សមាគមយើងនឹងជួយស្វែងរកដៃគូ ដើម្បីជួយជំរុញផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍ រួមទាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនខ្លាំង។ ដំបូង សមាគមនឹងជួយជំរុញផ្សព្វផ្សាយពីវប្បធម៌ខ្មែរឈានទៅរកឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកទទួលស្គាល់សេចក្តីស្រលាញ់នៃមាតារបស់ប្រទេសកម្ពុជា៕


















