បុណ្យវិសាខបូជាឆ្នាំនេះ ខេត្តកំពតប្រារព្ធកាន់តែធំជាងឆ្នាំមុន
កំពត៖កាលពីរសៀលថ្ងៃទី១១ និងព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងមន្រ្តីនៃមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណប្រាសាទដើមពោធិ៍ក្រុងកំពត ។ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដង្ហែចេញពីប្រាសាទដើមពោធិ៍ ប្រទក្សិណជុំវិញរង្វង់មូលទុរេន រួចចូលមកប្រាសាទដើមពោធិ៍វិញ និងមានពិធីបាត្រព្រះសង្ឃចំនួន៥៦៩អង្គផងដែរ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន រំលឹកថា វិស័យព្រះពុទ្ធសាសនា ត្រូវបានស្ដារឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ។រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងលើកកម្ពស់អភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ ក្នុងនោះសមិទ្ធផលនានាមានដូចជា វត្តអារាម សាលាពុទ្ធិកសិក្សាគ្រប់កម្រិត មជ្ឈមណ្ឌលវិបស្សនាអប់រំផ្លូវចិត្តជាដើម បានលេចចេញជារូបរាងជាបន្តបន្ទាប់។
សូមជម្រាបថា បុណ្យវិសាខបូជាធ្វើឡើងដើម្បីគោរពដឹងគុណ រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យពុទ្ធកាល គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ,បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ បុណ្យវិសាខបូជា ក៏ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលគេអាចប្រារព្ធធ្វើបាននៅជុំវិញពិភពលោក៕
ដោយ៖ សិលា សារិន




