លោក Zelensky ដាក់លក្ខខណ្ឌធំមួយ មុនចរចាទល់មុខជាមួយលោក Putin
កៀវ ៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា រូបលោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបចរចាដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺដំបូងរុស្ស៊ីត្រូវយល់ព្រមលើបទឈប់បាញ់ ៣០ថ្ងៃជាមុនសិន នេះបើតាមការចេញផ្សាយពីសារព័ត៌មាន RT។
លោកប្រធានាធិបតី ហ្សេលេនស្គី បានដាក់លក្ខខណ្ឌបែបនេះ បន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានស្នើឱ្យចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ។ យ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះសារនៅលើ X ថា ខ្ញុំនឹងរង់ចាំជួបលោក ពូទីន នៅតួកគី នៅថ្ងៃព្រហស្បតិ៍។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា អ៊ុយក្រែននឹងរង់ចាំមើលបទឈប់បាញ់ពេញលេញ និងយូរអង្វែងចាប់ពីថ្ងៃស្អែក ពីព្រោះវាជាមូលដ្ឋានចាំបាច់សម្រាប់ផ្លូវការទូត ហើយលោករំពឹងថា រុស្ស៊ីនឹងមិនមានលេអ្វីទៀតទេ។
លោកប្រធានាធិបតី ពូទីន នៅថ្ងៃអាទិត្យ បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល នៅថ្ងៃទី១៥ ខែឧសភា។
ប៉ុន្តែគេមិនទាន់ច្បាស់ថាតើលោក ពូទីន ចង់មានន័យថា រូបលោកនឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ។ លោក ពូទីន និងលោក ហ្សេលេនស្គី មិនធ្លាប់បានជួបគ្នាឡើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក នេះបើតាមកាសែតរ៉យទ័រ។
សំណើចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីមហាអំណាចអឺរ៉ុបធំៗ បានទាមទារឱ្យលោកប្រធានាធិបតី ពូទីន ទទួលយកបទឈប់បាញ់ ៣០ថ្ងៃជាមួយអ៊ុយក្រែន បើពុំដូច្នោះទេ អឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី៕
ប្រភព ៖ RT និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា
