កំពង់ប្រាក់ជាកន្លែងស្តុកត្រីពូជដ៏សំខាន់ និងជាកន្លែងមានតម្លៃសេដ្ឋកិច្ចខ្ពស់សម្រាប់វិស័យជលផល

(ភ្នំពេញ)៖ សហគមន៍កំពង់ប្រាក់ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់គឺជាកន្លែងអភិរក្សជលផលធំលំដាប់ទី៣ នៅបឹងទន្លេសាប។

ទីកន្លែងនេះក៏ជាទីកន្លែងអភិរក្សត្រីមេពូជ ហើយបច្ចុប្បន្ន កំពុងតែ ស្តុកត្រីចម្រុះប្រមាណជា៣០០តោន សម្រាប់បន្តពូជ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាពិសេស ត្រីប្រម៉ា ត្រីកេស ត្រីគល់រាំងដែលកំពុងទទួលរងគ្រោះនិងក៏ដូចជាត្រីត្រសក់ជាដើម។

កំពង់ប្រាក់ មានទំហំដី២ ៧០០ហិកតា គឺស្ថិតក្នុង ចំណោមកន្លែងអភិរក្សជលផលចំនួន៣១កន្លែង នៅលើបឹងទន្លេសាប ដែលមានផ្ទៃទំហំ ១ ១៥ ៤៤៦ហិកតា។កន្លែងអភិរក្សជលផលដ៏សំខាន់មួយកន្លែងនេះ មានបណ្តោយ ៧គីឡូម៉ែត្រ និងទទឹង ៣ គីឡូម៉ែត្រ ដោយលាតសន្ធឹងលើផ្ទៃទឹកជាប់ជាមួយភូមិចំនួន៣ ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ភូមិអូរអាកល់ ឃុំអូរសណ្តាន់ និងភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក យូ ចន្ទប្រសិទ្ធបានបញ្ជាក់ប្រាប់ក្រុមប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងក្រុមអ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចការអនុវត្តវិធី CAPFISH-Capture ក្នុងខេត្តពោធិ៍សាត់នាថ្មីៗមកនេះថាតំបន់អភិរក្សមួយកន្លែងនេះបានកិច្ចការពារយ៉ាងរឹងមាំដោយមានកងកម្លាំងការពារ២៤ម៉ោង ម្ល៉ោះហើយបច្ចុប្បន្នទីកន្លែងនេះបានក្លាយជាទីកន្លែងស្តុកត្រីដ៏សំខាន់។ដោយក្នុងនេះកំពង់ប្រាក់មានបង្គោលព្រំប្រទល់ចំនួន១៨កន្លែង និងមានកម្លាំងឈរជើងប្រចាំការជាប្រចាំក្នុងនោះរួមមាន មន្រ្តីជលផល អាវុធហត្ថ និងកងទ័ពជើងគោកយោធភូមិភាគ៥។

លោកបានប្រាប់ថានៅកំពុងប្រាក់អ្វីដែលពិសេសមួយទៀតនោះគឺ គេបានធ្វើទីជម្រកត្រី ដោយដាក់រនាំងឈើ ជ្រុងជា ជម្រកត្រីសម្រាប់ពួកវាជ្រកពួនកាលបើមានគ្រោះអាសន្នអ្វីមួយកើតឡើង។ជម្រកត្រីនេះវាមានសារៈសំខាន់ណាស់សម្រាប់ពួកវាជ្រកពួន ពេលមានព្យុះ ផ្គរភ្លៀងអ្វីមួយកើតឡើង។ជម្រកនេះដែរប្រៀបដូចជាអ្នកយាមការពារនៅពេលណាដែលមានការនេសាទខុសច្បាប់ វាអាចទៅសម្ងំលាក់ខ្លួនយករួចខ្លួន។វាអាចពួននៅពេលគេអូសអួនឬរាយមង ។ក្រៅពីនេះក៏ជាកន្លែងចំណីសម្រាប់ពួកវាស៊ីដោយ មានត្រីតូចៗឬប្រភេទសត្វក្នុងទឹកជាកន្លែងចំណីត្រីតាមធម្មជាតិ។ទីជម្រកត្រីនេះមានប្រមាណ ២២០កន្លែង។

លោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផល ស្រុក ក្រគរ ខេត្តពោធិ៍សាត់បានឱ្យដឹងថា៖ដើម្បីកិច្ចការពារកម្លាំងការពារមិនធ្វេសប្រហែសសោះឡើយ។រៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ទោះមានភ្លៀងខ្យល់ផ្គរ ក៏កម្លាំងរបស់យើងតែងតែចេញល្បាតជាប្រចាំ។កងកម្លាំងបានប្រើដ្រូនបង្ហោះមើលបទល្មើស។ ការប្រើដ្រូននេះ គឺវាជួយកាត់បន្ថយការចំណាយច្រើន ទៅលើប្រេងចាក់កាណូត ដើម្បីល្បាត ហើយប្រើពេលតិចថែមទៀត។

ដោយឡែក លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានឱ្យដឹងថា តាមការវាយតម្លៃនៅកំពង់ប្រាក់នេះ មានផលស្តុកត្រីប្រមាណជា២៥០តោន កាលពីឆ្នាំ២០២៣ ហើយ២០២៤ មានប្រមាណ ៣០០តោន ដែលមានការកើនឡើងប្រមាណជា៤០ ទៅ៥០តោន បើប្រៀបធៀបរយៈពេល២ឆ្នាំនេះ។

គួរបញ្ជាក់ថានៅរដូវប្រាំងកន្លែងអភិរក្សជលផលនេះ មានជម្រៅទឹកជាមធ្យម ០,៨ម៉ែត្រ ទៅ ១,២០ម៉ែត្រ និងនៅរដូវវស្សា មានជម្រៅទឹកពី៩ម៉ែត្រ ១០ម៉ែត្រ គឺអាស្រ័យទៅតាមស្ថានភាពទឹកតូច ឬ ទឹកធំក្នុងឆ្នាំនីមួយៗ។ជាមួយគ្នានេះកំពង់ប្រាក់ក៏សម្បូរទៅដោយប្រភេទត្រីដែលមាន តម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ប្រម៉ា ត្រីកែស សណ្តាយ ត្រសក់ ស្កោក ក្រាយឍ ច្រកែង ក្រពាត់ ពោ និងត្រីកញ្ចុះជាដើម។ លើសពីនេះកន្លែងនេះក៏នៅមានត្រីត្រសក់ និងត្រីគល់រាំងដែលជាប្រភេទត្រីកំពុងរងគ្រោះជិតផុតពូជទៀតផង៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner