មិនគួរខកខាន! សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ​២០២៥​រយៈពេលបីថ្ងៃ

ភ្នំពេញ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ រយៈ​ពេល​បីថ្ងៃចាប់ពីថ្ងៃទី ២០-២១-២២ ខែឧសភា ឆ្នាំ២០២៥ជាមួយនឹង​ការរំពឹងថា អាចមានអ្នកចូលរួមជាងកន្លះម៉ឺននាក់ ដែលភាគច្រើនជា​សិស្ស​វិទ្យាល័យ​ថ្នាក់ទី១២។នេះបើតាមបទពិសោធន៍ដែល​ធ្លាប់​រៀបចំ​កន្លងមក។

ក្នុងកម្មវិធីដែលនឹងប្រារព្ធនៅពេលឆាប់ៗខាងមុខ បុគ្គលិក និស្សិត និង​សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ បាន​ត្រៀម​រួច​ជាស្រេចក្នុងការស្វាគមន៍​ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ ហើយនឹង​បង្កើត បរិយាកាស​ដ៏​រំភើប​រីករាយដែលបង្ហាញពីភាពជោគជ័យរបស់សាកល​វិទ្យាល័យពុទ្ធិសាស្ត្រ។

សូមជម្រាបថា សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្ត្រ​សុខាភិបាល (ទន្តវទនសាស្ត្រ វេជ្ជសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋាយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ក៏ដូចជាជំនាញវិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រ​ស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏មានឱសថ​ស្ថាន និងមន្ទីរពេទ្យបង្រៀន​ជំនាញ​ទន្តវទនសាស្ត្រធំជាងគេនៅព្រះរាជាណាចក្រ​កម្ពុជាផងដែរ។

សាកលវិទ្យាធិការសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាស្ត្រាចារ្យ អ៊ាន រ៉ូស បានមាន​ប្រសាសន៍ថា “យើងពិតជារំភើប​ក្នុង​ការ​រៀបចំកម្មវិធីពិព័រណ៍នេះឡើង និងចែក​រំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូន​វគ្គ​តម្រង់​ទិសទៅកាន់សិស្សានុសិស្សឱ្យបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកល​វិទ្យាល័យ ពុទ្ធិសាស្ត្រ។” លោក​សាស្ត្រាចារ្យ​បន្ថែមថា “ព្រឹត្តិការណ៍នេះមាន​សារៈសំខាន់ក្នុង ការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងការអប់រំដែលចាំបាច់​ដើម្បីឱ្យ​សិស្សានុសិស្សទទួលបាន អាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេល​អនាគត”។

អ្វីដែលជាចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រើន ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏មានអត្ថប្រយោជន៍​រយៈ​ពេល​បីថ្ងៃនេះប្អូនៗសិស្សានុសិស្ស​ក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាព​ជាច្រើនដែល​មានដាក់តាំង បង្ហាញក្នុងកម្មវិធីនេះផងដែរ។

សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបញ្ចូលនូវកម្មវិធីស្ទែម (STEM)ក្នុងកម្មវិធីសិក្សា ដែលជំនាញនេះនឹងនាំឱ្យនិស្សិត​បញ្ចប់ការសិក្សា ទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀរវត្សខ្ពស់។

ពិព័រណ៍ជំនាញសិក្សានេះ គឺជាកម្មវិធីមួយដែលដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រ​វិស័យ​​អប់រំ និងជាពិសេសសម្រាប់សិស្សា​នុសិស្ស សិក្សានៅ វិទ្យាល័យដើម្បី​ស្វែងយល់ពីបទពិសោធន៍ជីវិតសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាត្រៀម​លក្ខណៈ​សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ ក្នុងពេលខាងមុខ៕
អត្ថបទ៖ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner