កីឡាករ ហេង វុទ្ធី ៖ ការដណ្តើមមេដាយមាសលើកនេះពិបាកបន្តិច តែបានបទពិសោធន៍ច្រើនឈានឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខ
(ភ្នំពេញ)៖ កីឡាករ ហេង វុទ្ធី ដែលឈ្នះមេដាយមាស ពីព្រឹត្តិការណ៍នៃការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី បានឱ្យដឹងថា ការដណ្តើមបានមេដាយមាសសម្រាប់ការចេញទៅប្រកួតលើកនេះពិបាកបន្តិច ប៉ុន្តែបាននូវបទពិសោធន៍ល្អៗជាច្រើន ដើម្បីឈានឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខ ។ ការប្រកួតនេះថ្វីត្បិតតែជាជើងឯកអាស៊ីអាគ្នេយ៍ក៏ពិតមែន ប៉ុន្តែមានបណ្តាប្រទេសផ្សេងទៀតចូលរួមដែរ ដូចជាអូស្រ្តាលី និង ញ៉ូហ្សេលែន ផងដែរ ដែលនាំឱ្យប្រភេទគីឡូខ្លះពិបាកបណ្តើមបានមេដាយ ។
នេះជាការបញ្ជាក់នៅពេលដែលគណប្រតិភូ អត្តពលលិកកីឡាចំបាប់កម្ពុជា ទទួលបានជោគជ័យនាំយកមេដាយសរុប៨គ្រឿងត្រឡប់ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។
លោកស្រី ចូវ សុធារ៉ា ដែលជាគ្រូជំនួយក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា ការចេញទៅប្រកួតនៅប្រទេសសិង្ហបុរីនេះ គឺលទ្ធផលអាចទទួលយកបាន ដោយកីឡាករ-កីឡាការិនីកម្ពុជា ក៏បានហ្វឹកហាត់ជាប្រចាំ ហើយក៏ជាសញ្ញាមួយយ៉ាងល្អក្នុងការឈានឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខនេះផងដែរ ។
សូមបញ្ជាក់ថា ៖ ព្រឹត្តិការណ៍នៃការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រុមកីឡាករ-កីឡាការិនី កីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសរុប៨គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៤គ្រឿង ហើយចេញទៅរបស់អត្តពលិកកម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតសាកល្បង និងវាស់ស្ទង់ ពង្រឹងសមត្ថភាពឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥នេះ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ៕
ដោយ / គ្រី សម្បត្តិ







