រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតំបន់ភ្នំខ្នងផ្សារ គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការនាំមកនូវចំណូលដល់ប្រជាសហគមន៍

(ខេត្តកំពង់ស្ពឺ)៖ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវនៃតំបន់ភ្នំខ្នងផ្សារគឺផ្នែកមួយយ៉ាងសំខាន់សម្រាប់ការនាំមកនូវចំណូលដល់ប្រជាសហគមន៍ ដែលជួយដល់ជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរតាមរយៈការបម្រើលើវិស័យទេសចរណ៍ ។ ការអភិវឌ្ឍន៍បែបនេះគឺជាការអភិវឌ្ឍន៍បែបចិរភាព មានន័យថាជួយដល់កូនចៅរាប់ជំនាន់ទៀតបានទទួលផលប្រយោជន៍រៀងរហូតទៅមុខ។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះធ្វើឡើងដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅ លម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានជំរុញដល់ប្រជាពលរដ្ឋពិសេសពលរដ្ឋសហគមន៍នាំគ្នាចូលរួមអភិរក្សធនាធានធម្មជាតិ ថែរក្សាបរិស្ថាន ព្រៃឈើ គឺយើងនឹងនាំមកនូវចំណូលតាមរយៈបម្រើវិស័យទេសចរណ៍ដែលនេះជាធនធានមួយដ៏មហាសាលមិនអាចកាត់ថ្លៃបានសោះឡើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដោយបញ្ជាក់បន្ថែមថា គម្រោងនេះ មានន័យលើសពីការសាងសង់ផ្លូវ និងសំណង់ស្ថាបត្យកម្ម ពីព្រោះស្ថាបត្យកម្មនេះ កើតចេញពីការប្តេជ្ញាចិត្តដ៏ខ្ពស់ និងពេញដោយក្តីស្រឡាញ់ គិតគូរពីសុខទុក្ខរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទេទឹកពុះ និងភ្នំខ្នងផ្សារ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី្ណ ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ប្រជាសហគមន៍តំបន់ការពារក៏បានចូលរួមសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដលដ្ឋាន ដែលបានជំរុញនិងបញ្ចេញសក្តានុពលដ៏សម្ងាត់របស់តំបន់សហគមន៍ទេទឹកពុះ និងភ្នំខ្នងផ្សារ ក្នុងនោះក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោងនេះ ដើម្បីជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យគោលដៅលំហែបៃតងភ្នំខ្នងផ្សារ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវផ្តល់ជូនសហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិនប្រកបដោយភាពជាម្ចាស់ ដែលជាការប្តូរពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា”ថ្ងៃនេះយើងធ្វើភ្នំខ្នងផ្សារ អភិវឌ្ឍន៍ភ្នំខ្នងផ្សារ បន្តិចទៀតយើងនឹងពង្រីកទៅ អារ៉ែង ។យើងបានពិភាក្សាហើយធ្វើយ៉ាងម៉េចអភិវឌ្ឍន៍ពីភ្នំខ្នងផ្សារទៅអារ៉ែង”។

គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលបើកសម្ពោធនថ៍នាពេលនេះដែររួមមានដូចជា៖ ផ្លូវ ខ្លោងទ្វារ ចំណតយានយន្ត ប្រព័ន្ធបំភ្លឺដោយថាមពលព្រះអាទិត្យ ទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាម។ ជារួមការសាងសង់ទាំងនេះត្រូវអនុលោមតាមរចនាបទខ្មែរ និងរក្សាបាននូវសោភ័ណភាព សម្រស់ធម្មជាតិ ពេញដោយភាពស្អាត ភាពបៃតង និងចីរភាព ជាសុខដុមរមណីកម្មនៃមេត្រីភាពបរិស្ថាន ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សែម បូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner