រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រគល់ឧបករណ៍អេឡិចត្រូនិក ៣៤២៣ គ្រឿងជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលឧបករណ៍អេឡិចត្រូនិក សរុបចំនួន ៣ ៤២៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលកាន់តែរហ័ស និងមានប្រសិទ្ធភាព ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ឧបករណ៍អេឡិចត្រូនិចទាំងនេះគឺសម្រាប់ប្រើប្រាស់ជាពហុបំណង និងពហុមុខងារ ដើម្បីជួយសម្រួលដល់ការងារបម្រើសេវាសុខាភិលនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវ ប្តេជ្ញាពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង និងត្រូវយកចិត្តទុកដាក់បន្ថែមលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. បន្តប្តេជ្ញាចិត្តក្នុងការបម្រើសុខភាពជូនប្រជាជន ពិសេសសុខភាពសាធារណៈដោយផ្តល់អាទិភាព លើការថែទាំ និងធានាសេវាថែទាំសុខភាពអាចងាយទទួលយកបានសម្រាប់ប្រជាជនគ្រប់រូប
២. បន្តប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងគណនេយ្យភាព ដោយលើកកម្ពស់ស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់លើការបម្រើសេវា
៣. បន្តចាប់យកបច្ចេកវិទ្យា ដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលសុខាភិបាល ដើម្បី លើកកម្ពស់ប្រសិទ្ធភាព និងលទ្ធផលអ្នកជំងឺ
៤. បន្តការសិក្សារៀនសូត្រជាប្រចាំ ទាំងផ្នែកវិជ្ជាជីវៈ បទពិសោធន៍ល្អ និងបច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ
៥. បន្តកិច្ចសហការ និងបំពេញការងារជាក្រុមជាមួយសហភាតរៈ និងតួអង្គពាក់ព័ន្ធនានាក្នុងការលើកកម្ពស់គុណភាពសេវាជាអតិបរមា
៦. អនុវត្តការងារប្រកបដោយភាពបុរេសកម្ម ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយ នវានុវត្តន៍ និងមានភាពសម្រប
៧. យកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំឧបករណ៍អេឡិចត្រូនិកទាំងនេះ និងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូន ដែលផ្គត់ផ្គង់ ពីប្រភពថវិកាជាតិ ឬពីគម្រោងនានាឱ្យបានល្អ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់អាទិភាពខ្ពស់ដល់ វិស័យសុខាភិបាល និងនាឱកាសនេះបានផ្តល់នូវឧបករណ៍អេឡិចត្រូនិកទាំងនេះ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពិតជាមានតម្លៃ សម្រាប់ផ្តល់ដល់មន្ត្រី បុគ្គលិក បម្រើសេវាសុខាភិបាលជូនដល់ប្រជាជន និងអ្នកជំងឺ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ








