គណបក្សខ្មែររួបរួមជាតិ គាំទ្រការរៀបចំធ្វើសមាជព្រឹទ្ធសភា និងរដ្ឋសភា នាដើមខែមិថុនា

ភ្នំពេញ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា គណបក្សខ្មែររួបរួមជាតិ គាំទ្រព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តមបានបញ្ជាក់ថា ខ្ញុំគាំទ្រណាស់ការធ្វើសមាជ រដ្ឋសភា និងព្រឹទ្ធសភា ដែលមានការចូលរួមពីតំណាងប្រជាពលរដ្ឋមកពីសមាជិក សមាជិកា នៃព្រឹទ្ធសភា និងរដ្ឋសភា ដែលជាអង្គនីតិប្បញ្ញត្តិ ដែលបានរៀបចំធ្វើសមាជរួមគ្នាមួយនាដើមខែមិថុនាខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន មានការគិតគូរឱ្យមានសមាជនេះឡើង គឺអាចមានលទ្ធផលល្អ ពោលគឺសមាជនេះនឹងជជែកបញ្ហាផ្សេងៗ ហើយក៏ដូចជាបញ្ហាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេសជាតិ គឺអ្នកដែលជាតំណាងប្រជាពលរដ្ឋ ជាពិសេសរដ្ឋសភាដែលអាចយកវេទិកាសមាជននេះមកជជែកដេញដោលដើម្បីរិះរកលទ្ធភាពដើម្បីជំរុញឱ្យមានការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត ហើយការពារនៅសុខសន្តិភាព ស្ថេរភាពរបស់ប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម ញឹក ប៊ុនឆៃ បានបន្តថា ការរៀបចំធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភានេះឡើង គឺមានសារៈប្រយោជន៍ និងសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងសុខសន្តិភាព ស្ថេរភាព ក៏ដូចជាពាក់ព័ន្ធការអភិវឌ្ឍប្រទេសជាតិ ដែលអាចនឹងឆ្លុះបញ្ចាំងនាពេលធ្វើសមាជនូវចំណុចខ្វះខាតដែលត្រូវធ្វើការកែលម្អសម្រាប់ការអនុវត្តបន្តអនាគតបន្តទៅមុខទៀត ហើយចាំបាច់ណាស់ដែលអាចធ្វើសមាជនេះ ដែលមានការចូលរួមពីសមាជិកព្រឹទ្ធសភា ក៏ដូចជាសមាជិករដ្ឋសភា ដែលជាអង្គការកំពូល និតិប្បញ្ញត្តិដែលជជែកគ្នាអំពីបញ្ហាប្រទេសជាតិ។

សូមជម្រាបថា ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់មកលើរាជរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ។

ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែបនេះហើយ បានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភាឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ។ សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាលបង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត៕
ដោយ៖ពលជ័យ

ads banner