សមយុទ្ធនាគមាស បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងកងទ័ព កម្ពុជា-ចិន

(កំពង់ឆ្នាំង)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា សមយុទ្ធនាគមាស បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងកងទ័ព កម្ពុជា-ចិន ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីភាពជាមួយលោក ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បើកជាផ្លូវការ សមយុទ្ធនាគមាស ឆ្នាំ២០២៥ លើកទី៧ រវាងកងទ័ពកម្ពុជា និងចិន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លើប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ដែលប្រព្រឹត្តទៅ ដូចការគ្រោងទុកមានទំហំធំជាងបណ្តាឆ្នាំមុនៗ និងទំនើបជាងមុន នៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ ។

ក្នុងឱកាសនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឱ្យដឹងថា គោលបំណងនៃសមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធ រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួល កិច្ចសហការចម្រុះនិងបន្តនិរន្តរភាព ក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ដ៏ល្អប្រសើរ លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែង នៃកងទ័ពទាំងពីរ កម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម សង្គ្រោះគ្រោះមហន្តរាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះ នៃសមយុទ្ធនាគមាស នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងថា សមយុទ្ធនាគមាស បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងប្រទេស និងកងទ័ពទាំងពីរ កម្ពុជា-ចិន ។ សមយុទ្ធនេះ ពិតជាផ្តល់នូវសារ:សំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំង ២ប្រទេស ដូចជា ការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធគ្នា ទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ ។

នាយឧត្ដមសេនីយ៍ បន្តថា សមយុទ្ធនេះទៀតសោត ក៏បានធ្វើឱ្យកងទ័ពកម្ពុជា-ចិន ពង្រឹងបាននូវទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេល ធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ-អន្តរជាតិ ក្នុងគោលបំណងចូលរួមទប់ស្កាត់និងដោះស្រាយ បញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ លី ក្វាងឃុន បានថ្លែងថា តាមរយៈសមយុទ្ធនាគមាសឆ្នាំ២០២៥នេះ នឹងជំរុញឱ្យវិស័យយោធាកម្ពុជា-ចិនកាន់តែរឹងមាំ និងទំនាក់ទំនងមិត្តភាពទាំង២កាន់តែស្និទ្ធស្នាលបន្ថែមទៀត។

សូមជម្រាបជូនថា សមយុទ្ធមិត្តភាព កម្ពុជា-ចិន នាគមាសឆ្នាំ២០២៥ នេះ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ កងកម្លាំងចូលរួម ទាំងភាគីកម្ពុជា និងចិន មានប្រមាណជាង ២ពាន់នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធ ខាងភាគីកម្ពុជា ប្រើប្រាស់រួមមាន កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្រ្គោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត ។ ចំណែកឯភាគីចិន ប្រើប្រាស់កាំភ្លើងធំប្រតិបត្តិលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុន-ស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនជាដើម ។

ដូចរៀងរាល់ឆ្នាំ ក្រោយបញ្ចប់សមយុទ្ធ ភាគីចិន តែងប្រគល់ សម្ភារយោធាមួយចំនួនឱ្យកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner