សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ ២០២៥
ភ្នំពេញ ÷ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៥ នាថ្ងៃសៅរ៍នេះ ដោយមានការចូលរួមប្រកួតពីក្រុមកីឡាបាល់ទាត់សរុបចំនួន៣៦ក្រុម តំណាងមកពីសាលាចំនួន១៣ ក្នុងរាជធានីភ្នំពេញ។
ការប្រកួតនេះ បានចាប់ផ្ដើមនៅម៉ោង ៨:០០ នាទីព្រឹក និងបញ្ចប់ទៅនៅវេលាម៉ោង ៤:០០ នាទីរសៀល នៅក្លឹប កីឡា Down Town Sport Club ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងសាមគ្គីភាព ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងចំណោមសិស្សានុសិស្ស។ បន្ថែមលើនេះ ព្រឹត្តិការណ៍ប្រកួតនេះក៏ ជាផ្នែកមួយនៃការចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយនឹងផ្ដល់ឱកាសដល់សិស្សានុសិស្សដែល មកពីវប្បធម៌ផ្សេងៗគ្នាអាចសហការ និងបង្ហាញពីទេពកោសល្យក្នុងវិស័យបាល់ទាត់របស់ពួកគេ។
បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលមួយថ្ងៃពេញ ជាលទ្ធផល យើងបានស្វែងរកជ័យលាភី ក្នុងការប្រកួតបាល់ទាត់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៥ លើវិញ្ញាសាប្រកួតចំនួន ៦ វិញ្ញាសារួមមានវិញ្ញាសាចម្រុះសម្រាប់កុមារអាយុក្រោម ១២ឆ្នាំ – Mixed U12, វិញ្ញាសាក្មេងប្រុសអាយុក្រោម ១៥ឆ្នាំ – Boys U15, វិញ្ញាសាក្មេងប្រុសអាយុក្រោម ១៧ឆ្នាំ – Boys U17, វិញ្ញាសាក្មេងស្រីអាយុក្រោម ១៧ឆ្នាំ – Girls U17, វិញ្ញាសាក្មេងប្រុសអាយុក្រោម ១៩ឆ្នាំ – Boys U19, និងវិញ្ញាសាក្មេងស្រីអាយុក្រោម ១៩ឆ្នាំ – Girls U19។ ការប្រគល់ពានរង្វាន់ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមឧកញ៉ា បណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ហ៊ឹម សំអាតស្ព្រង់ សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សា ភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាថ្នាលបណ្ដុះបណ្ដាលកម្រិតអន្តរជាតិឈានមុខគេមួយក្នុង រាជធានីភ្នំពេញ ដែលផ្ដោតលើការផ្ដល់ការអប់រំគុណភាពខ្ពស់ទាំងក្នុងកម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សា ចំណេះទូទៅខ្មែរ។ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលការបណ្ដុះបណ្ដាលក្នុងស្រុក ប៉ុន្តែទទួល បានសញ្ញាបត្រដែលមានគុណភាព និងមានការទទួលស្គាល់កម្រិតពិភពលោក។
ជាងនេះទៀត ការផ្ដល់ការ អប់រំដែលមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស សាលាបានរួមបញ្ចូលនូវសកម្មភាពសិក្សាបន្ថែមយ៉ាង សម្បូរបែប ដូចជាតន្ត្រី សិល្បៈ និងកីឡាជាដើម ដើម្បីធានាថាសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពី សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្លាយជាពលរដ្ឋសកលដែលមានទាំងវិជ្ជាសម្បទា បំណិនសម្បទា និង ចរិយាសម្បទាគ្រប់ជ្រុងជ្រោយ។
គណៈគ្រប់គ្រងសាលា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលជាកីឡាករក្នុងក្រុមបាល់ទាត់ពីសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងសាលាអន្តរជាតិដទៃទៀត ដែលបានចូលរួមញ៉ាំងឱ្យព្រឹត្តិការណ៍ប្រកួត កីឡាបាល់ទាត់នេះប្រព្រឹត្តទៅដោយជោគជ័យគួរជាទីមោទនៈ៕ អត្ថបទ ÷ ឈឹម ទីណា














