អូស្ត្រាលីម្នាក់ជាប់គុក ១៣ឆ្នាំ ព្រោះជួយច្បាំងអ៊ុយក្រែន
លូហាន់ស្កិ៍ ៖ ជនជាតិអូស្ត្រាលីម្នាក់ ដែលកងកម្លាំងរុស្ស៊ីចាប់ខ្លួន ពេលជួយច្បាំងអ៊ុយក្រែននៅលើសមរភូមិ ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ដោយចោទប្រកាន់ថា ជា “ទាហានស៊ីឈ្នួល” នេះបើតាមការអះអាងរបស់រដ្ឋអាជ្ញាដែលតែងតាំងដោយរុស្ស៊ី។
ព្រះរាជអាជ្ញាដែលដំឡើងដោយរុស្ស៊ីបាននិយាយថា លោក Jenkins បានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធនឹងកម្លាំងយោធារុស្ស៊ីនៅចន្លោះខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៤។ កងកម្លាំងរុស្ស៊ីបានចាប់ខ្លួន Jenkins នៅខែធ្នូ ឆ្នាំ២០២៤។
លោក Oscar Jenkins វ័យ ៣៣ឆ្នាំមកពីទីក្រុង Melbourne រងការចោទប្រកាន់ពីបទ “ស៊ីឈ្នួលក្នុងជម្លោះប្រដាប់អាវុធ” ហើយត្រូវបានកាត់ទោសឱ្យជាប់គុក ១៣ឆ្នាំ ដោយតុលាការដែលគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងតំបន់លូហាន់ស្កិ៍ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលីបានអំពាវនាវម្តងហើយម្តងទៀតឱ្យរុស្ស៊ីដោះលែងលោក Jenkins ដែលជាអតីតគ្រូបង្រៀនជីវវិទ្យា។ ទោះបីជាយ៉ាងណា រុស្ស៊ី និង ពលរដ្ឋអ៊ុយក្រែនភាគខាងកើត ចាត់ទុកជនបរទេសធ្វើដំណើរទៅជួយប្រយុទ្ធនៅអ៊ុយក្រែនថា ជា “ទាហានស៊ីឈ្នួល”។
ការធ្វើបែបនេះ នឹងអនុញ្ញាតឱ្យពួកគេអាចកាត់ទោសទាហានស៊ីឈ្នួលទាំងនោះ ស្ថិតក្រោមក្រមព្រហ្មទណ្ឌរបស់ខ្លួន ជាជាងចាត់ទុកពួកគេជាឈ្លើយសឹកដែលត្រូវបានចាប់ខ្លួនជាមួយនឹងការការពារ និងសិទ្ធិក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា