លោក Zelensky ជំរុញដាក់ទណ្ឌកម្មរុស្ស៊ី បើសិនការចរចានៅតួកគីបរាជ័យ

ទីរ៉ាណា ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រ បានអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចចាត់វិធានការប្រឆាំងនឹងរុស្ស៊ី រួមទាំងការដាក់ទណ្ឌកម្មថ្មី ក្នុងករណីការចរចាសន្តិភាពនៅតួកគីគ្មានលទ្ធផលជាផ្លែផ្កានោះទេ។

លោក Zelensky បានប្រាប់មេដឹកនាំអឺរ៉ុបដែលប្រមូលផ្តុំគ្នានៅទីក្រុងទីរ៉ាណា ថា យើងមានឱកាសឆ្ពោះទៅរកការបញ្ចប់សង្រ្គាមពិតប្រាកដ បើសិនលោកប្រធានាធិបតី Putin ក្លាហានបង្ហាញខ្លួននៅតួកគី។

លោក Zelensky បន្ថែមថា ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចប្រជុំដោយផ្ទាល់ជាមួយលោក ពូទីន មិនថានៅទីក្រុងអង់ការ៉ា ឬនៅទីក្រុងអ៊ីស្តង់ប៊ុលនោះទេ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាំងអស់។ ប៉ុន្តែ គាត់ មិន យល់ ស្រប នឹង អ្វី ដែល ខ្ញុំ ស្នើ ទៅ គាត់ ទេ។

បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ អាទិភាពដំបូងរបស់អ៊ុយក្រែន គឺជាបទឈប់បាញ់ពេញលេញ គ្មានលក្ខខណ្ឌ និងស្មោះត្រង់ ហើយវាត្រូវតែកើតឡើងភ្លាមៗ ដើម្បីបញ្ឈប់ការសម្លាប់ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ផ្លូវការទូត។

លោកប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា បើសិនគណៈប្រតិភូរុស្ស៊ីពិតជាគ្រាន់តែសម្តែងឆាកល្ខោន ហើយមិនអាចផ្តល់លទ្ធផលណាមួយនៅថ្ងៃនេះ … ដូច្នេះយើងចាំបាច់ត្រូវមានប្រតិកម្មខ្លាំង រួមទាំងការដាក់ទណ្ឌកម្មប្រឆាំងនឹងវិស័យថាមពល និងធនាគាររបស់រុស្ស៊ី។

កិច្ចចរចាដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជាងបីឆ្នាំ ស្តីពីការបញ្ឈប់សង្គ្រាមរុស្ស៊ីប្រឆាំងអ៊ុយក្រែន បានចាប់ផ្តើមកាលពីថ្ងៃសុក្រ នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែគ្មានវត្តមានលោក Zelensky និងលោក Putin ចូលរួមទេ ខណៈលទ្ធភាពបញ្ចប់ជម្លោះនេះទាំងស្រុងមានតិចតួចប៉ុណ្ណោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner