រុស្ស៊ី និងអ៊ុយក្រែនព្រមព្រៀងដោះដូរឈ្លើយសឹកដ៏ធំមិនធ្លាប់មាន
អ៊ីស្តង់ប៊ុល ៖ បន្ទាប់ពីកិច្ចពិភាក្សាដោយផ្ទាល់កាលពីថ្ងៃសុក្រ រុស្ស៊ី និងអ៊ុយក្រែនបានឯកភាពដោះដូរឈ្លើយសឹក ១.០០០នាក់ និង លទ្ធភាពបង្កើតបទឈប់បាញ់ ពិសេសកិច្ចប្រជុំរវាងលោក ហ្សេលេនស្គី និងលោក ពូទីន នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកចរចាមកពីភាគីទាំងពីរ។

តំណាងរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី និយាយថា នៅប៉ុន្មានថ្ងៃខាងមុខ នឹងមានការដោះដូរអ្នកទោសសង្គ្រាមទ្រង់ទ្រាយធំ ពោលគឺប្រហែល ១.០០០នាក់ទល់១.០០០នាក់ ខណៈភាគីអ៊ុយក្រែនក៏បានស្នើឲ្យការចរចាដោយផ្ទាល់រវាងប្រមុខរដ្ឋទាំងពីរផងដែរ។

តំណាងរុស្ស៊ីរូបនេះបានគូសបញ្ជាក់ថា យើងបានទទួលយកសំណើនេះ ហើយយើងបានយល់ព្រមថា ភាគីនីមួយៗនឹងបង្ហាញចក្ខុវិស័យរបស់ខ្លួន អំពីបទឈប់បាញ់នាពេលអនាគតដែលអាចកើតមាន។
រីឯអ្នកចរចាកំពូលអ៊ុយក្រែន គឺលោករដ្ឋមន្ត្រីការពារជាតិ Rustem Umerov ក៏បានអះអាងពីការដោះដូរឈ្លើយសឹកនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផងដែរ ហើយបាននិយាយថា ភាគីទាំងពីរបានយល់ព្រមពិចារណាលើបទឈប់បាញ់ និងកិច្ចប្រជុំរវាងលោក ហ្សេលេនស្គី និងលោក ពូទីន នាពេលអនាគត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
