កាកបាទក្រហមកម្ពុជា លើកកម្ពស់ការយល់ដឹងស្តីពីជំងឺមិនឆ្លង និងការមានផ្ទៃពោះ រវាងស្រ្តីមានផ្ទៃពោះ-ស្រ្តីមានកូនតូច
(សៀមរាប)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ-ស្រ្តីមានកូនតូច ៣០នាក់ និងអ្នកផ្ទុកមេរោគអេដស៍ ៣០នាក់ រស់នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលពិធីនេះរៀបចំនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានរំលឹកដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច និងអ្នកផ្ទុកមេរោគអេដស៍ ដែលបានចូលរួមពិធី សូមត្រងត្រាប់ប្រសាសន៍ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ក្រោមប្រធានបទ “ជំងឺមិនឆ្លង និងការមានផ្ទៃពោះ” ដើម្បីស្វែងយល់ដឹងបន្ថែម និងជួយជំរុញផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង។
ក្នុងឱកាសជំនួបនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំមកជូននូវប្រសាសន៍សាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។
លោកជំទាវក៏បានសម្តែងនូវការអាណិត អាសូរ ចំពោះបងប្អូនទាំងអស់ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយធ្វើឱ្យយើងទាំងអស់គ្នា រួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅគ្រប់គ្រងឱ្យបាន នូវការឆ្លងរាលដាលនៃជំងឺអេដស៍។
លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនទាំងអស់កុំឱ្យអស់ក្តីសង្ឃឹម ព្រោះជំងឺអេដស៍នាពេលបច្ចុប្បន្ន យើងមានថ្នាំព្យាបាលបាន បងប្អូនត្រូវគោរពឱ្យបានតាមការណែនាំរបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួន នោះយើងនឹងអាចរស់រានដូចមនុស្សទូទៅដែរ។ ជាក់ស្តែង ព្រឹត្តិការណ៍ ម=ម ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត បានឆ្លុះបញ្ចាំងពីអត្ថន័យ ម=ម គឺ (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ)។ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន (ម = ម), នោះគឺ មានន័យថា៖
អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ! អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា! អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ! អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង។
លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដាស់តឿនក្រើនរំលឹក ដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួន កុំឱ្យឆ្លងមេរោគនេះជាដាច់ខាត ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារ គឺចាប់ផ្តើមពីខ្លួនឯងផ្ទាល់។ ទន្ទឹមនឹងនេះ យើងក៏ត្រូវប្រុងប្រយ័ត្នពីជំងឺមិនឆ្លងនានាដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវទប់ស្កាត់ និងជៀសវាងឱ្យបានជំងឺទាំងអស់នេះ តាមរយៈការបរិភោគអាហារ មិនប្រៃពេក មិនផ្អែមពេក និងខ្លាញ់ពេកជាដើម។
សូមបញ្ជាក់ថា ជាមួយនឹងចំណេះដឹងខាងលើនេះ ស្ត្រីមានកូនតូច ស្ត្រីមានផ្ទៃពោះ និងអ្នកផ្ទុកមេរោគអេដស៍ទាំង៦០គ្រួសារ ក៏ទទួលបានអំណោយដែលមាន អង្ករ, មី, ឃីត, ត្រីខ និងថវិកាមួយចំនួនជួយសម្រាលដល់ការលំបាកផងដែរ។ បន្ទាប់ពីកម្មវិធីខាងលើ ក្រុមការងារកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានបន្តចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកមានកូនតូចចំនួន ៦គ្រួសារ ដល់ខ្នងផ្ទះ ព្រមទាំងបានឧបត្ថម្ភអំណោយដល់គ្រួសារទាំងនោះផងដែរ៕
ដោយ / គ្រី សម្បត្តិ








