សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជឿជាក់ថា សមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជឿជាក់យ៉ាងមុតមាំថា សមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្ថែមទៀត និងបានអបអរសាទរចំពោះ លោក លី ស៊ីន ហួរ ដែលត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យសមាគមមួយនេះបំពេញបេសកកម្មរបស់ខ្លួនឱ្យបានរលូន ប្រកបដោយការយកចិត្តទុកដាក់ គោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ពីទំនាក់ទំនង កម្ពុជា-ចិន ដែលបានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដាខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ជាក់ស្តែង ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» ការបង្កើតមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមបែប ឈ្នះ ឈ្នះ ក្នុងប្រទេសនានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនា
សម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត។

ដោយឡែក ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ក៏បានកត់សម្គាល់ផងដែរថា សភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា មិនត្រឹមតែដើរតួនាទីសម្រាប់ជាស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាគ្រឹះមួយចំណែកដ៏រឹងមាំក្នុងការផ្សារភ្ជាប់ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

បើតាមការលើកឡើងរបស់លោក លី ស៊ីនហួរ ដែលទើបបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចាប់តាំងពីការកកើតឡើងនូវសមាគមសភាពណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជារហូតមកដល់ពេលនេះ សមាគមបានពង្រឹង និងពង្រីកនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ចរវាងសមាគមពាណិជ្ជករចិនផ្សេងទៀត ដើម្បីជម្រុញនូវសហគ្រិនភាពរវាងចិន-កម្ពុជា ការពង្រីកនូវសេដ្ឋកិច្ចទីផ្សារចូលទៅក្នុងការអភិវឌ្ឍនៃសាកលភាវូបនីយកម្មស្របតាមគោលនយោបាយ ផ្លូវមួយ ខែ្សក្រវ៉ាត់មួយ។

ឯកឧត្តម ចាវ ហាយចៀន អគ្គទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា នៅពេលដែលសមាគមចិន-កម្ពុជាមានការរួមគ្នាធ្វើឱ្យមានភាពជឿនលឿន ភាពរឹងមាំ និងធានាបានស្ថិរភាពភាពប្រាកដនិយមបន្ថែមទៀតនោះវានឹងនាំមកនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍក្នុងវិស័យនានាដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និងប្រជាជនដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ រួមទាំងសហគ្រាសខេត្តហ៊ូណានថែមទៀតផង៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner