ការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ជាប្រាក់រៀល ជាការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

(ស្ទឹងត្រែង)៖ មន្ត្រីជាន់ខ្ពស់ធានគារជាតិ នៃកម្ពុជា បានចាត់ទុកការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ជាប្រាក់រៀល ជាការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង តំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។

ឯកឧត្តម សរ សុពុត្រា មាប្រសាសន៍ថា ការអភិវឌ្ឍខេត្តស្ទឹងត្រែង មានវឌ្ឍនភាពជាលំដាប់ ដែលក្នុងនោះវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ បច្ចុប្បន្ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តសរុបមានចំនួន ១៦គ្រឹះស្ថាន ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានាជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស ។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិជារួម អាចប្រព្រឹត្តទៅបានប្រកបដោយវឌ្ឍនភាពនិងចីរភាព ទាមទារឱ្យមាននូវវត្តមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក ។ ដូច្នេះ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលពង្រឹងស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ ។

ឯកឧត្តម យឹម លាត បានថ្លែងថា ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងជាលើកដំបូងនៅ ខែធ្នូ ឆ្នាំ១៩៥៤ ហើយនៅខែកញ្ញា ឆ្នាំ១៩៥៥ ប្រាក់រៀល ត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរប្រើប្រាស់ជាទូទៅក្នុងប្រទេស នាសម័យសង្គមរាស្រ្តនិយម ខណៈនៅចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត បានលុបបំបាត់ចរាចរណ៍ប្រាក់រៀល ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញពីបាតដៃទទេ ហើយប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញ ជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរទំនិញនិងសេវានៅក្នុងសេដ្ឋកិច្ច និងទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋគ្រប់រូប ។

ឯកឧត្តម បានបន្តថា លទ្ធផលសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀល បានទទួលការប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ។ ជាក់ស្តែង សម្រាប់ខេត្តស្ទឹងត្រែង ទិន្នន័យស្រាវជ្រាវបង្ហាញថា មធ្យមប្រមាណ ៩៣% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល ។ ចំណែកកម្មករនិយោជិតរោងចក្រ ដែលរស់នៅតាមបណ្តាខេត្ត ចាយវាយប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់រៀល ជាពិសេសទៅលើ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវ ។ ចំណែកឯកម្មករនិយោជិតអ្នកដែលរស់នៅទីក្រុងចាយវាយជាប្រាក់រៀលរហូតដល់ ៨២% នៃចំណាយសរុប ។

ឯកឧត្តម ទេសាភិបាលរង ក៏បានលើកឡើងពីប្រព័ន្ធទូទាត់បាគង ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា ។ ប្រព័ន្ធបាគង គឺជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះ ការដាក់ឱ្យប្រើប្រាស់ស្តង់ដា KHQR កាលពីខែកក្កដា ឆ្នាំ២០២២ បានសម្រួលដល់ការស្កេនទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែននៅក្នុងតំបន់ផងដែរ ។ បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេស ថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី តាមរយៈការស្កេន QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅជាដុល្លារអាមេរិកសិននោះទេ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner