កម្ពុជា មានបំណងចង់ឱ្យហុងគ្រី ដំឡើងការិយាល័យតំណាងនៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រាប់ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ថា កម្ពុជា មានបំណងចង់ឱ្យមានការដំឡើងការិយាល័យតំណាងរបស់ប្រទេសហុងគ្រី នៅរាជធានីភ្នំពេញ ទៅជាស្ថានទូតពេញលេញ។ ចំណែករាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់សាជាថ្មីថា ការបើកស្ថានទូតកម្ពុជាឡើងវិញ នៅទីក្រុងBudapest នៅតែជាអាទិភាពសម្រាប់កម្ពុជា ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងជំនួបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥។

នៅក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារសំខាន់ នៃទំនាក់ទំនងកម្រិតខ្ពស់ជាប្រក្រតី និងបានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំកម្ពុជា និងហុងគ្រី នៅកំឡុងសន្និសីទមហាសមុទ្រ លើកទី៣ របស់អង្គការសហប្រជាជាតិ នៅទីក្រុងនីស នាខែមិថុនានេះ។

ជាមួយគ្នានេះ ភាគីកម្ពុជា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងតែរីកចម្រើនរវាងសភាកម្ពុជា និងហុងគ្រី និងសម្តែងការស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅកាន់ប្រទេសហុងគ្រីនាពេលខាងមុខ ។

លើសពីនេះ ភាគីទាំងពីរ ក៏បានស្របទស្សនៈជំរុញឱ្យមានការចុះហត្ថលេខាឱ្យបានឆាប់លើអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដែលបានបញ្ចប់ការចរចានៅខែមករា ឆ្នាំ២០២៥ រួចមកហើយនោះ ។

ចំពោះវិស័យអប់រំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរចំពោះកម្មវិធី អាហារូបករណ៍ដ៏យូរអង្វែងរបស់ប្រទេសហុងគ្រី ដែលបានផ្តល់អត្ថប្រយោជន៍ដល់និស្សិតកម្ពុជា ប្រមាណជាង ៣៦០នាក់ ចាប់តាំងពីឆ្នាំ១៩៨០មក ៕

ដោយ ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner