អាមេរិកស៊ើបអង្កេតករណីនាវាម៉ិកស៊ិកបុកស្ពាន Brooklyn ដ៏ល្បីនៅញូវយ៉ក

វ៉ាស៊ីនតោន ៖ អាជ្ញាធរទីក្រុងញូវយ៉កកំពុងបើកការស៊ើបអង្កេតកន្លែង ដែលនាវាហ្វឹកហ្វឺនកងទ័ពជើងទឹកម៉ិចស៊ិកបើកបុកស្ពាន Brooklyn នៅទីក្រុងញូវយ៉ក ដើម្បីស្វែងរកតម្រុយអំពីរបៀបដែលការប៉ះទង្គិចគ្នាធ្ងន់ធ្ងរកើតឡើង នេះបើតាមការចេញផ្សាយរបស់ BBC។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិកនិយាយថា ខ្លួនកំពុងបញ្ជូនអ្នកជំនាញមួយក្រុមទៅជួយដល់ប្រតិបត្តិការស៊ើបអង្កេត ដែលមានការសម្របសម្រួលរវាងរដ្ឋាភិបាលអាមេរិក និងម៉ិកស៊ិក។

រដ្ឋមន្រ្តីកងទ័ពជើងទឹកម៉ិកស៊ិក លោក Morales Ángeles បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនៃការស៊ើបអង្កេតណាមួយ នឹងត្រូវអនុវត្តតាម “តម្លាភាព និងការទទួលខុសត្រូវទាំងស្រុង”។

អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយកាលពីថ្ងៃអាទិត្យថា អំឡុងពេលកើតហេតុ មនុស្ស ២៧៧នាក់បានស្ថិតនៅលើនាវានោះ ហើយមនុស្សពីរនាក់បានស្លាប់ ដោយសាររងរបួសធ្ងន់ និង ១៩នាក់ផ្សេងទៀតរងរបួស។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបង្ហោះសារលើបណ្តាញសង្គម X ថា លោកស្រីមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ចំពោះការស្លាប់របស់មនុស្សទាំងពីរនាក់។

នាវាហ្វឹកហ្វឺនម៉ិកស៊ិកឈ្មោះ Cuauhtémoc បានបើកចូលទៅជិតស្ពាននិមិត្តរូបនៃទន្លេ East River ជិតនឹងផ្នែកនៃតំបន់ Manhattan ដែលតភ្ជាប់ជាមួយតំបន់ Brooklyn ដ៏ល្បីរបស់ទីក្រុងញូវយ៉ក។ បង្គោលក្ដោងកម្ពស់ ៤៥ម៉ែត្រ របស់នាវាខ្ពស់ខ្លាំងពេកមិនអាចគេចផុតពីស្ពាននៅចំណុចកោងឆ្លងកាត់បាន ហើយក៏បានបុករួចបាក់ នៅពេលនាវាបើកពីក្រោមស្ពាន Brooklyn។

ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ មន្ត្រីនិយាយថា បញ្ហាគ្រឿងម៉ាស៊ីនទំនងជាមូលហេតុនៅពីក្រោយឧប្បត្តិហេតុនេះ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ មន្ត្រីដឹកជញ្ជូនក្រុងញូវយ៉កនិយាយថា ស្ពានមានអាយុកាល ១៤២ឆ្នាំនេះមិនខូចខាតអ្វីធំដុំទេ ហើយចរាចរណ៍បានបើកឡើងវិញ បន្ទាប់ពីការត្រួតពិនិត្យបឋម។

ស្ពានមួយនេះជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាផ្លូវតភ្ជាប់រវាងតំបន់ Manhattan និង Brooklyn ដែលបញ្ចប់ការសាងសង់នៅឆ្នាំ១៨៨៣ ហើយធ្លាប់ជាស្ពានយោលខ្សែកាប្លិ៍ដ៏ធំបំផុតនៅលើពិភពលោក៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner