នីតិកាលទី៧ ការទូតសភាបានចូលរួមលើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងការជំរុញ​កិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះ​រាជា​ណាចក្រកម្ពុជា បានមានប្រសាសន៍ថា​នៅក្នុងនីតិកាលទី៧នេះ ការទូតសភាជា​ការងារអាទិភាពមួយរបស់រដ្ឋសភា ដែលបានដើរស្របជាមួយនឹង​ស្ថាប័នព្រឹទ្ធ​សភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចូលរួមលើកកម្ពស់តួនាទីរបស់កម្ពុជា ជាពិសេស​សភាកម្ពុជា ក្នុងទំនាក់​ទំនងការទូតសភាដែលមានភាពកាន់តែសំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព និង​វិបុលភាពឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់​ទំនងរវាងប្រទេស ជាដើមក្នុងការនាំមកនូវផលប្រយោជន៍​ជូនប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភាលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី​ដ៏​ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃ​ការងារការបរទេសរបស់កម្ពុជា​និងសភាពការណ៍អន្តរជាតិ” ដែលសហការរៀបចំឡើងដោយគណៈកម្មការ​កិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ ដែលមានអ្នកចូលរួមជាង៣០០នាក់ មកពីស្ថាប័នពាក់ព័ន្ធ ក្នុងនោះមាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាដើម។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការ​អន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បាន​គូសបញ្ជាក់ថា សភាពការណ៍អន្តរជាតិ​បច្ចុប្បន្ន នៅក្នុងទសវត្សចុងក្រោយនេះ មានភាព តានតឹង ស្រពិចស្រពិល រួមរឹតដោយវិបត្តិសេដ្ឋកិច្ច សន្តិសុខ ការប្រកួតប្រជែង ភូមិសាស្ត្រ និងបច្ចេកវិទ្យា ហើយថ្មីៗនេះសង្គ្រាមពាណិជ្ជកម្ម​បាន​និងកំពុងអង្រួន ស្ថានភាពរបស់​ពិភព​លោកកាន់តែរញ្ជួយមួយកម្រិតទៀត។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រ​តិ​បត្តិការអន្តរជាតិ បានគូសរំលេច​ថា អាទិភាព របស់ក្រសួងនឹងផ្ដោតទៅ​លើការ​ពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងការពង្រីក ទំនាក់ទំនងថែមទៀត​ជាមួយ​ដៃគូ​ថ្មីតាម​ទិសស្លោក «ពង្រីកមិត្តខាងក្រៅ កែទម្រង់ខាង ក្នុងដោយឈរ​លើស្មារតីឯករាជ្យ» និងដោយ “ប្រកាន់នយោ​បាយ​ការបរទេសឯករាជ្យ ផ្អែកលើ​ច្បាប់​អន្តរជាតិ»។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាក្នុងនាមជា​ស្ថាប័ន​នីតិប្បញ្ញត្តិ បាន និងកំពុងពួតដៃជា​មួយគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួង​ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា តាមរយៈ​កិច្ចប្រជុំពិគ្រោះយោបល់ សិក្ខាសាលា និងវេទិកាសន្ទនាផ្សេងៗ ដើម្បីប្រមូលនិង​ផ្តល់​នូវធាតុចូល មតិយោបល់ និង​អនុសាសន៍សម្រាប់គោលនយោបាយ យុទ្ធសាស្ត្រ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំង​ឡាយប្រកបដោយ​ប្រសិទ្ធ​ភាព និងជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូល ។

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបទេស​របស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» ជាកាលានុវត្តភាពសម្រាប់កិច្ច​សន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីពិនិត្យលើវឌ្ឍនភាព​គោលនយោ​បាយការបរទេសរបស់កម្ពុជា សម្រាប់បរិបទពិភពលោកដែល​កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមនឹង​បញ្ហាជាច្រើន។ សិក្ខាសាលានេះ ជាវេទិកាមួយក្នុងចំណោមសិក្ខាសាលាជាច្រើន ដែលបានរៀប​ចំឡើងជាបន្ត​បន្ទាប់​នៅក្នុងឆ្នាំ២០២៥នេះ ដែលសភាកម្ពុជា បានរៀបចំឡើង​ជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅក្នុងការបង្កើន​កិច្ចសហប្រតិ​បត្តិការជាមួយគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅក្នុងការបម្រើ​ប្រជាពលរដ្ឋឱ្យកាន់តែមាន​ប្រសិទ្ធភាពឡើង៕


ដោយ ៖ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner