ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតងនិងចីរភាពនៅកម្ពុជា
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin)ជំហានទី២ នៃកម្មវិធី CHAKRA STEM APP ។
ការរៀបចំមេផ្ទះឌីជីថលរបស់ក្រសួងបរិស្ថាន គឺដើម្បីពន្លឿនការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ការដាក់ចេញរដ្ឋបាលឌីជីថល បាននិងកំពុងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មានមុំយុទ្ធសាស្រ្តស្នូល៣ គឺ រដ្ឋបាល បច្ចេកវិទ្យា និងផ្សព្វផ្សាយ ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីរដ្ឋបាលឌីជីថល បានប្រព្រឹត្តទៅជាមួយនឹងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដែលក្រសួងបរិស្ថានតំណាងដោយឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការ STEM កម្ពុជា ដែលបានសហការនិងរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ដោយចីរភាព តាមរយៈបេសកកម្ម ៣ចម្បងគឺ ១.បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ និងទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។
លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ អង្គការ STEM ត្រូវបានបង្កើតឡើងអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ ដែលផ្តោតលើសសរស្តម្ភសំខាន់៤រួមមាន៖ បច្ចេកវិទ្យា ,វិស្វកម្ម ,វិទ្យាសាស្ត្រ និង គណិតវិទ្យា។ យ៉ាងណាមិញការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ជួយដល់វិស័យបរិស្ថានគឺជាសកម្មភាពអាទិភាពរបស់STEM តាមរយៈការបង្កើតកម្មវិធី CHAKRA STEM APP ៕



ដោយ ៖ ម៉ាដេប៉ូ